跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាអះអាងថាថៃខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ចស្នូលក្រោមMoU-2000

历史原文 · 暂无当前语言译文

ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា បានអះអាងថា ប្រទេសថៃបានខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ចស្នូលរបស់ខ្លួន ក្រោមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU-2000) ដែលប្រទេសទាំងពីបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។

ការអះអាងដែលធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោយពីបានកត់សម្គាល់ឃើញសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និង MoU-2000។

ក្រសួងការបរទេស ឱ្យដឹងថា កម្ពុជាសូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ការប្រតិបត្តិរបស់កម្ពុជា ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ផ្អែកលើភាពស្មោះត្រង់ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការអនុវត្តសន្ធិសញ្ញា និងគោលការណ៍សមភាពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងក្នុងធម្មនុញ្ញអង្គសហប្រជាជាតិ។

ក្រសួង បានរំលេចយ៉ាងដូច្នេះថា៖ «ជាការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ចស្នូលរបស់ខ្លួន ក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយគណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែននៃប្រទេសកម្ពុជា-ថៃ។ តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃ បានបន្តទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូលទឹកដីកម្ពុជា។ ទង្វើទាំងនេះ គឺជាការបំពាន់លើច្បាប់អន្តរជាតិ និង MoU 2000 ដែលនៅតែជាចំណងកាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរ។

ក្រសួងអះអាងទៀតថាការសម្រេចរបស់កម្ពុជា ក្នុងការបញ្ជូនវិវាទទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការថ្លឹងថ្លែងផ្អែកលើមូលដ្ឋានច្បាប់ និងជាការឆ្លើយតបដោយសន្តិវិធីចំពោះការបន្តរំលោភលើ MoU 2000 ដោយភាគីថៃ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ អំពើញុះញង់ និងការបង្ហាញពីកង្វះឆន្ទៈក្នុងការគោរពក្របខណ្ឌដែលបានឯកភាពគ្នាសម្រាប់ការងារខណ្ឌសីមាព្រំដែនរួម។ តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការស្នូលរបស់អង្គការសហប្រជាជាតិ គឺជាវេទិកាដែលមានការទទួលស្គាល់ និងស្របច្បាប់សម្រាប់ការវិនិច្ឆិយលើវិវាទផ្លូវច្បាប់អន្តរជាតិ រួមទាំងបញ្ហាព្រំដែន ជាពិសេសលើករណីដែលយន្តការទ្វេភាគីបានជាប់គាំងដោយសារតែការរំលោភជាបន្តបន្ទាប់លើ MoU 2000 ដោយភាគីម្ខាង។

ទន្ទឹមគ្នានេះ ក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃគោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញារួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួមដោយស្ថាបនាក្នុងការដោះស្រាយវិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមានការទទួលស្គាល់ថា ជាយន្តការច្បាប់អន្តរជាតិ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…