លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀល ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា–ថៃ (RBC) បានបើកកិច្ចប្រជុំរួមគ្នា នៅច្រកអន្តរជាតិ ចាំយាម–ហាតលឹក ស្ថិតក្នុងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
កិច្ចប្រជុំនេះធ្វើឡើងរវាង យោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី–ត្រាត ភាគីថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់ភាគីទាំងពីរ។ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរង យោធភូមិភាគទី៣ ខណៈភាគីថៃដឹកនាំដោយ វរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ នាយសេនាធិការ បញ្ជាការការពារព្រំដែនចន្ទបុរី–ត្រាត។
តាមការបញ្ជាក់ពីភាគីពាក់ព័ន្ធ ដោយសារភាគីទាំងពីរ មិនទាន់អាចរកឃើញចំណុចកណ្តាលរួម នៅក្នុងដំណាក់កាលបច្ចុប្បន្ន កិច្ចប្រជុំបានឯកភាពគ្នា ដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួន និងបន្តផ្លាស់ប្តូរឯកសារ ព្រមទាំងពិភាក្សាបន្ថែម ដើម្បីឈានដល់ការឯកភាពរួមនាពេលខាងមុខ មុននឹងរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំ RBC ជាផ្លូវការ។
គួរបញ្ជាក់ថា កិច្ចប្រជុំពិសេស RBC នេះ ត្រូវបានរៀបចំឡើង ស្របតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា–ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរ បានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តលទ្ធផលកិច្ចប្រជុំឲ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព និងបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន។
ជាមួយគ្នានេះ ភាគីកម្ពុជា និងថៃ ក៏បានប្តេជ្ញាបន្តស្វែងរក កិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងជំរុញការវិលត្រឡប់ទៅរកប្រក្រតីភាពរវាងប្រទេសទាំងពីរ ឲ្យបានឆាប់រហ័ស។
ប្រភព៖ ក្រសួងការពារជាតិ
ដោយ៖ KPS99TV








