នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវឌ្ឍនភាពសំខាន់ៗនៃនីតិវិធីរបស់កម្ពុជា ឆ្ពោះទៅរកការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (United Nations Convention on the Law of the Sea – UNCLOS)។
ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា វឌ្ឍនភាពនេះ រួមមានការអនុម័តជាផ្លូវការនៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា នៅថ្ងៃទី១៦ ខែមករា និងព្រឹទ្ធសភា នៅថ្ងៃទី២១ ខែមករា ដែលបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរព និងអនុវត្តច្បាប់អន្តរជាតិ។
តាមរយៈបណ្តាញសង្គមការងារផ្លូវការ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន រួមទាំងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បាន និងកំពុងគាំទ្រយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណើរការផ្តល់សច្ចាប័នលើអនុសញ្ញា UNCLOS តាមរយៈការរៀបចំសិក្ខាសាលា ការចែករំលែកបទពិសោធន៍ និងការអញ្ជើញអ្នកជំនាញពាក់ព័ន្ធ។
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សា និងលើកកម្ពស់សណ្តាប់ធ្នាប់សមុទ្រដែលមានសេរីភាព និងបើកចំហ ដោយផ្អែកលើច្បាប់អន្តរជាតិ ដូចដែលបានបញ្ចាក់យ៉ាងច្បាស់នៅក្នុងអនុសញ្ញា UNCLOS ហើយនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនេះ៕ ដោយ៖ KPS99TV

