នាវាទេសចរណ៍១គ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥៨១នាក់ (ស្រី៣០០នាក់) ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរជិត ៦០០នាក់នេះ មាន ២១សញ្ជាតិ ក្នុងនោះភ្ញៀវដែលមានចំនួនច្រើនជាងគេគឺមានសញ្ជាតិអាម៉េរិក ៣២៥នាក់។ ចំណែក នាវិកមានចំនួន ៤១១នាក់ (ស្រី៨៤នាក់) ដែលមាន ៤២សញ្ជាតិ។ ក្នុងនោះ ក៏មានភ្ញៀវទេសចរចំនួន ៣៨នាក់ (ស្រី១៩នាក់) មាន ៣សញ្ជាតិ នឹងចេញដំណើរទៅលេងកម្សាន្តនៅខេត្តសៀមរាប។
តាមរយៈដំណើរចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកក់ក្តៅពីសំណាក់លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ និងមន្រ្តីនៃមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។
របាយការណ៍ដដែល បានឱ្យដឹងថា នាវាទេសចរណ៍១គ្រឿងនេះ មានបណ្តោយប្រវែង ២១០.៥ម៉ែត្រ, ទទឹងប្រវែង ២៨ម៉ែត្រ និងមានជម្រៅទឹក ៦ម៉ែត្រ។ នាវានេះ ធ្វើដំណើរមកពីប្រទេសថៃចូលសំចតនៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា និងចេញត្រឡប់ទៅប្រទេសវៀតណាមវិញនៅវេលាម៉ោង០៨និង០០នាទីថ្ងៃដដែល។
សូមជម្រាបថា ព្រះសីហនុ ជាខេត្តមួយពោរពេញទៅដោយធនធានធម្មជាតិដ៏សម្បូរបែប។ ក្នុងនោះមានឆ្នេរសមុទ្រប្រវែងជាង ១៧៥គីឡូម៉ែត្រ, និងកោះចំនួន៣២ ព្រមទាំងមានព្រៃកោងកាង, ទឹកជ្រោះ, ឧទ្យានជាតិលើគោក និងឧទ្យាជាតិបាត់សមុទ្រ...ជាដើមដែលជាមូលដ្ឋានគ្រឹះនៃគោលដៅវិស័យទេសចរណ៍ ខណៈប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៥លាននាក់ ថយចុះជិត១៧ភាគរយ ដែលបានចំណូលប្រមាណ ៣,៧ពាន់លានដុល្លារ កើនឡើង ៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនេះ មានទេសចរធ្វើដំណើរតាមផ្លូវអាកាសចំនួន ២,៨លាននាក់ កើនឡើង១៩,២ភាគរយ តាមផ្លូវគោកចំនួន ២,៦លាននាក់ ថយចុះ ៣៧,៨ភាគរយ និងតាមផ្លូវទឹកជាង ៩៨ម៉ឺននាក់ កើនឡើង ៦,៣ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕
ដោយ៖ ង៉ែត ពិសាន្ត

























