សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចេញសារឆ្លើយតបចំពោះការស្ទង់មតនៅប្រទេសថៃថា ប្រទេសកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិមេដឹកនាំប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឱ្យអស់សំណើច ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន។ ការស្ទង់មតិនេះ គឺរៀបចំដោយវិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃចំពោះសម្តេចតេជោ ហ៊ុន សែន។
សាររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះថា «ខ្ញុំសូមទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ! វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន»។
សម្តេចតេជោ បានបន្តថា ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបខ្ញុំ ហ៊ុន សែន វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះខ្ញុំទៅវិញទេ។ ទន្ទឹមគ្នានេះ សម្តេច និយាយបែបចំអកថា «គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ» ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានលើកឡើងបែបនេះ៖ ដូច្នេះ ខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»៕
ដោយ៖ ង៉ែត ពិសាន្ត







