ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ បានជួបជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតប្រទេសឆែកប្រចាំកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសមនិងជម្រាបលាក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានកត់សម្គាល់ពីចំនួនភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ២០២៣ មានចំនួនប្រមាណ ៤.០០០នាក់, ឆ្នាំ២០២៤មានចំនួនជិត៦.០០០នាក់ ហើយក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ហើយ។
ឯកឧត្តម Martin Vávra ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកទី១ ដែលមាននិវេសដ្ឋាននៅប្រទេសកម្ពុជា លោកបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អៗ លើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍។ កិច្ចសហប្រតិបត្តិការនេះ នឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនាពេលកន្លងមក ព្រមទាំងស្នើឯកឧត្តមឯកអគ្គរដ្ឋទូត បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមដែលមានភាពល្អប្រសើរ រួមទាំងកាលានុវត្តវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ថ្នាក់ដឹកនាំ ធុរជន និងប្រជាពលរដ្ឋឆែក៕
ដោយ៖ ង៉ែត ពិសាន្ត











