នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រឹត្តិការណ៍អបអរបុណ្យចូលឆ្នាំប្រពៃណីចិន ព្រមទាំងខួប ១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា–ចិន និងការអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា–ចិន ត្រូវបានរៀបចំយ៉ាងអធិកអធមនៅតាមផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
កម្មវិធីនេះរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ថ្លែងតាមវីដេអូពីចម្ងាយ លោក An Xiaoyu (អាន ស៊ាវយូ) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសម្តែងការស្វាគមន៍ និងអរគុណចំពោះការគាំទ្រពីក្រសួងពាក់ព័ន្ធ និងសាលារាជធានីភ្នំពេញ ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍នេះ ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា–ចិន និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌។
ក្នុងរយៈពេល ១០ឆ្នាំកន្លងមក រថយន្តចាក់បញ្ចាំងភាពយន្តចល័តបានធ្វើដំណើរឆ្ពោះទៅកាន់ ២៥ ខេត្ត–ក្រុងទូទាំងប្រទេសកម្ពុជា ចាក់បញ្ចាំងភាពយន្តជាង ៣០០លើក និងទាក់ទាញអ្នកទស្សនាសរុបជាង ១០ម៉ឺននាក់ បង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយពីសាធារណជន។
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែរំលឹកដល់ជោគជ័យនៃដំណើរភាពយន្តចល័តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានភ្ជាប់ដួងចិត្តប្រជាជន និងជំរុញការយល់ដឹងអំពីវប្បធម៌ចិនតាមរយៈសិល្បៈភាពយន្ត។
ចំណែកឯ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍នេះថា ជាសមិទ្ធផលដ៏មានន័យសម្រាប់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឲ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជនឲ្យកាន់តែរឹងមាំ។
ក្នុងឱកាសនោះ ក៏មានការចាក់បញ្ចាំងវីដេអូស្តីពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី វីដេអូផ្សព្វផ្សាយទេសចរណ៍កម្ពុជា បទ MV «បំភ្លឺពន្លឺភ្នែកផ្កាយ» ភាពយន្តចិន «សួស្តី ម៉ាក់» និងភាពយន្តខ្មែរ «មរណៈមាតា» ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ព្រឹត្តិការណ៍នេះបានបង្ហាញពីភាពរឹងមាំនៃមិត្តភាពកម្ពុជា–ចិន និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងសិល្បៈភាពយន្តឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ដោយ៖ KPS99TV








