跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា–ចិន ពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រ តាមរយៈ «ទេសចរណ៍ភាពយន្ត» ជំរុញសេដ្ឋកិច្ច និងបន្តស្ដារវប្បធម៌ជាតិ

KPS99TV历史原文 · 暂无当前语言译文

កម្ពុជា និងចិន បន្តបង្កើនកម្រិតកិច្ចសហប្រតិបត្តិការ ដោយយក «ទេសចរណ៍ភាពយន្ត» ជាម៉ាស៊ីនចលករថ្មី ក្នុងការភ្ជាប់បេះដូងប្រជាជាតិទាំងពីរ និងបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងឱកាសបើកព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា–ចិនដ៏ឆ្នើម លើកទី១០» កាលពីចុងសប្តាហ៍មុន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យភាពយន្ត មិនត្រឹមតែជាសិល្បៈកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍មានឥទ្ធិពលខ្ពស់ ក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ និងសម្រស់ធម្មជាតិរបស់កម្ពុជា ទៅកាន់ពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «ទេសចរណ៍ភាពយន្ត» កំពុងក្លាយជានិន្នាការថ្មី ដែលអាចបម្លែងទស្សនិកជនឱ្យក្លាយជាភ្ញៀវទេសចរពិតប្រាកដ ដោយជំរុញឱ្យពួកគេចង់មកទស្សនាទីតាំងថតភាពយន្តដោយផ្ទាល់។ វាបង្កើតឱកាសការងារជាច្រើនសម្រាប់សហគមន៍មូលដ្ឋាន បង្កើនចំណូលតាមវិស័យស្នាក់នៅ ដឹកជញ្ជូន និងសេវាម្ហូបអាហារ ព្រមទាំងចូលរួមអភិរក្សបេតិកភណ្ឌជាតិ តាមរយៈចំណូលពីផលិតកម្មភាពយន្ត។

ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិន ឱ្យកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការលើកទឹកចិត្តពិសេស ដោយលើកលែងទិដ្ឋាការ សម្រាប់ប្រជាពលរដ្ឋចិនទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ អនុញ្ញាតឱ្យស្នាក់នៅបានរហូតដល់ ១៥ថ្ងៃ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍ធំៗចំនួន៦ សហការជាមួយភាគីចិន ក្នុងឆ្នាំ២០២៦ រួមមាន៖ មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិកម្ពុជា–ចិន, មហោស្រពក្បាច់គុនចម្រុះ កម្ពុជា–ចិន, ការទូតទេសចរណ៍ម្ហូបអាហារ, ការផ្សព្វផ្សាយទេសចរណ៍ភាពយន្ត, កម្មវិធីបើកបររថយន្តឆ្លងកាត់ព្រំដែន, កម្មវិធីបង្ហាញផ្លូវទេសចរណ៍រដូវកាលបៃតងនៅទីផ្សារចិន។

ឯកឧត្តម ហួត ហាក់ បានអំពាវនាវដល់ប្រតិបត្តិករ និងមិត្តចិនទាំងអស់ ឱ្យរួមគ្នាផ្សព្វផ្សាយពីភាពជាក់ស្តែងរបស់កម្ពុជា ថាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងភាពទាក់ទាញខ្ពស់ ស្របតាមបាវចនា «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា–ចិនម្នាក់»។

យោងតាមរបាយការណ៍ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនជាង ១,២ លាននាក់ កើនឡើង ៤១,៥% បើប្រៀបធៀបនឹងឆ្នាំមុន ដែលបង្ហាញពីសក្ដានុពលខ្ពស់នៃទីផ្សារចិន សម្រាប់ការរីកចម្រើនរយៈពេលវែងរបស់វិស័យទេសចរណ៍កម្ពុជា។ ដោយ៖ KPS99TV

评论

正在加载评论…