跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនមួយបានការអនុញ្ញាតឱ្យនាំចូលគ្រឿងម៉ាស៊ីននិងវត្ថុធាតុដើមបម្រើឱ្យការផលិតដោយគ្មានជាប់ពន្ធគយនិងអាករពិសេស

KPS99TV历史原文 · 暂无当前语言译文

រដ្ឋបាលខេត្តព្រះសីហនុ បានអនុម័តសម្រេចឱ្យក្រុមហ៊ុនមួយនាំចូលគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាផលិតកម្ម និងវត្ថុធាតុដើមសម្រាប់បម្រើឱ្យការផលិតដោយគ្មានជាប់ពន្ធគយ អាករពិសេស និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។ ក្រុមហ៊ុនោះមានឈ្មោះ ខេមបូឌាន កេឈ័ង ញូ មេធៀរៀល (Cambodian Kechuang New Material Co.,LTD) មានទីតាំងនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការសម្រេចដូច្នេះ ដោយសារក្រុមហ៊ុនបានដាក់សំណើជូនរដ្ឋបាលខេត្តដើម្បីពិនិត្យ និងអនុម័ត ក្រោយមករដ្ឋបាលខេត្តបានបើកកិច្ចប្រជុំអនុម័តនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ ក្រោមវត្តមានឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត។

ក្រុមហ៊ុននេះមានទុនវិនិយោគប្រមាណ ៥២៤,០០០ដុល្លារអាម៉េរិក គ្រោងបង្កើតផលិតផលធ្វើពីប្លាស្ទិក ផលិតគ្រប់ជ័រប្លាស្ទិក សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ។ ក្រុមហ៊ុននេះ ត្រូវបានទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ពីអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុផងដែរ។

ក្រោយពីមានការសម្រេចនេះ ក្រុមហ៊ុនមានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខាសំណង់ និងសម្ភារៈបរិក្ខាផលិតកម្ម។ ដោយឡែក ធាតុចូលរបស់ផលិតកម្ម រដ្ឋទទួលបន្ទុកលើពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម តែផ្នែកដែលផលិតសម្រាប់បម្រើឱ្យការនាំចូលប៉ុណ្ណោះ។ ចំពោះការលើកទឹកចិត្តផ្នែកពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមសម្រាប់ការនាំចូលធាតុចូលផលិតកម្ម ឬបម្រើឱ្យការផលិតសម្រាប់ទីផ្សារក្នុងស្រុក ត្រូវកំណត់ក្នុងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ចំណែក ការលើកទឹកចិត្តដទៃទៀត ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

ដោយ៖ ង៉ែត ពិសាន្តឮ

评论

正在加载评论…