跳至正文
西哈努克省电视台 · 官方网站
登录

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យតម្លៃប្រេងកើនឡើង ខណៈក្រសួងពាណិជ្ជកម្មអំពាវនាវឱ្យប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ

KPS99TV历史原文 · 暂无当前语言译文

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការកើនឡើងនៃតម្លៃប្រេង និងស្តុកប្រេងរបស់ក្រុមហ៊ុននាំចូល ដើម្បីធានាការផ្គត់ផ្គង់ប្រេងនៅក្នុងប្រទេសកម្ពុជា។

ដូចនេះ តាមរយៈអ្នកនាំពាក្យ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ ខណៈតម្លៃប្រេងចាប់ផ្តើមកើនឡើង ដោយសារការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបណ្តាលឱ្យមានការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង។

ឯកឧត្តម ប៉ែន សុវិជាតិ បានបន្ថែមថា ក្នុងករណីតម្លៃប្រេងបន្តកើនឡើង ដើម្បីបន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនឹងពិចារណាធ្វើការឧបត្ថម្ភធន ដើម្បីបញ្ចុះថ្លៃប្រេងជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងបន្តប្រឹងប្រែងស្វែងរកប្រភពផ្គត់ផ្គង់ប្រេងបន្ថែម ដើម្បីធានាឱ្យមានស្តុកប្រេងគ្រប់គ្រាន់សម្រាប់រយៈពេល ១ ខែ ដូចពេលមុនៗ។

យ៉ាងណា ក្រសួងពាណិជ្ជកម្ម ក៏រំពឹងថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដែលអាចធ្វើឱ្យតម្លៃ និងការផ្គត់ផ្គង់ប្រេង ត្រឡប់មកស្ថានភាពប្រក្រតីវិញ។ ប៉ុន្តែ ប្រសិនបើសង្គ្រាមអូសបន្លាយយូរ ក៏សង្ឃឹមថា សហរដ្ឋអាមេរិក នឹងបញ្ចេញស្តុកប្រេង ដើម្បីបន្ថយសម្ពាធលើទីផ្សារអន្តរជាតិផងដែរ។ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…