រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលកិច្ចប្រជុំរវាងតំណាងអ្នកបើកបរម៉ូតូកង់បី និងតាក់ស៊ីតាមប្រព័ន្ធបច្ចេកវិទ្យា (App) ជាមួយក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ដើម្បីពិភាក្សាលើសំណើកែលម្អលក្ខខណ្ឌការងារ និងរបបកម្រៃជើងសារ។ ជាលទ្ធផល ភាគីពាក់ព័ន្ធបានឈានដល់ការឯកភាពលើ ៤ ក្នុងចំណោម ៥ ចំណុចស្នើសុំ ខណៈចំណុចមួយនៅបន្តពិភាក្សាបន្ថែម។
យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ តាមការស្នើសុំរបស់តំណាងអ្នកបើកបរ។
សំណើរបស់អ្នកបើកបរ មានចំនួន ៥ ចំណុច រួមមាន៖
១. ស្នើដំឡើងថ្លៃដឹកជញ្ជូនគោលសម្រាប់កង់បីចាប់ពី ១.២០០ រៀលក្នុងមួយគីឡូម៉ែត្រ
២. ស្នើបញ្ចុះកម្រៃជើងសារមកត្រឹម ១២%
៣. ស្នើឱ្យក្រុមហ៊ុនកំណត់អត្រាកម្រៃជើងសារ និងតម្លៃស្មើៗគ្នា
៤. ស្នើឱ្យក្រុមហ៊ុនទាក់ទងសួរនាំអ្នកបើកបរមុនពេលផ្អាក ឬបិទគណនី ក្នុងករណីមានបណ្ដឹងពីភ្ញៀវ
៥. ស្នើឱ្យផ្តល់ព័ត៌មានជាក់លាក់អំពីភ្ញៀវ ដើម្បីងាយស្រួលផ្ទៀងផ្ទាត់អត្តសញ្ញាណ។
ក្រុមហ៊ុនដែលចូលរួមពិភាក្សា រួមមាន Grab, PassApp, Tada, WowNow, Maxim និង Move។
ក្រោមការសម្របសម្រួលដោយសុឆន្ទៈ និងស្មារតីយោគយល់ ភាគីពាក់ព័ន្ធបានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. តំណាងក្រុមហ៊ុន Tada, Move និង Maxim យល់ព្រមកំណត់កម្រៃជើងសារត្រឹម ១២% និងអនុវត្តថ្លៃដឹកជញ្ជូនគោល ១.២០០ រៀលក្នុងមួយគីឡូម៉ែត្រ។
២. តំណាងអ្នកបើកបរ ឯកភាពអនុវត្តតាមគោលការណ៍ថ្មី និងធ្វើការផ្សព្វផ្សាយដល់សមាជិកទាំងអស់ឱ្យយល់ច្បាស់ពីលទ្ធផលកិច្ចប្រជុំ។
៣. អ្នកបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍ និងក្រមសីលធម៌វិជ្ជាជីវៈ ហាមធ្វើសកម្មភាពតវ៉ាខុសច្បាប់ និងត្រូវដោះស្រាយបញ្ហាជាមួយក្រុមហ៊ុនដោយសន្តិវិធី។
៤. ក្នុងករណីមានបណ្ដឹងពីភ្ញៀវ ក្រុមហ៊ុនត្រូវស៊ើបអង្កេតឱ្យបានច្បាស់លាស់ មុនសម្រេចផ្អាក ឬបិទគណនី ហើយប្រសិនបើពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ត្រូវសហការជាមួយអាជ្ញាធរតាមនីតិវិធីច្បាប់។
៥. ក្រុមហ៊ុនត្រូវរៀបចំគោលនយោបាយអាជីវកម្មជាលាយលក្ខណ៍អក្សរ កំណត់កម្រៃជើងសារ ថ្លៃដឹកជញ្ជូន គោលការណ៍លើកទឹកចិត្ត និងបង្កើតក្រុមប្រឹក្សាវិន័យសម្រាប់ដោះស្រាយបណ្ដឹង។
យ៉ាងណាមិញ ចំណុចពាក់ព័ន្ធនឹងការកំណត់អត្រាស្មើៗគ្នារវាងក្រុមហ៊ុនទាំងអស់ មិនទាន់ឈានដល់ការឯកភាពពេញលេញនៅឡើយទេ ហើយត្រូវបន្តពិភាក្សាតាមយន្តការសមស្រប។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កិច្ចសម្របសម្រួលនេះមានគោលបំណងធានាភាពតុល្យភាពរវាងសិទ្ធិ និងផលប្រយោជន៍របស់អ្នកបើកបរ ក្រុមហ៊ុន និងអ្នកប្រើប្រាស់សេវា ព្រមទាំងរក្សាស្ថិរភាពសណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសវិនិយោគក្នុងវិស័យដឹកជញ្ជូនឌីជីថលនៅកម្ពុជា។
ដោយ៖ KPS99TV



