ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បំរាមដោយហាមដាច់ខាតមិនឱ្យសិស្សប្រើប្រាស់ទូរសព្ទក្នុងថ្នាក់រៀនទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេងទៀតឡើយ។ ហើយហាមមិនឱ្យជក់បារីគ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា និងហាមលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទ។
ក្រសួងថា កិច្ចការងារនេះទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធដូចជា អាណាព្យាបាល មាតាបិតាត្រូវបានតាមដានពិនិត្យមើលសកម្មភាពរស់នៅរបស់កូនចៅ ជាពិសេសការអប់រំឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការជក់បារី និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ ហើយត្រូវតាមដានការសិក្សារបស់កូនចៅ នៅពេលមានកំហុសត្រូវណែនាំបន្ថែម។
ចំណែក លោកគ្រូទទួលបន្ទុកថ្នាក់ និងគ្រូបង្រៀន ត្រូវបង្កើតប្រព័ន្ធទំនាក់ទំនងជាមួយមាតាបិតា ដើម្បីផ្តល់ព័ត៌មានអំពីអវត្តមានឬហេតុការណ៍ផ្សេងៗដែលបានកើតឡើងចំពោះសិស្សទៅដល់មាតាបិតាឬអាព្យាបាល និងត្រូវបញ្ជ្រាបការអប់រំសីលធម៌ និងសុជីវធម៌ដល់សិស្សក្នុងម៉ោងបង្រៀន និងអង្កេតមើលសកម្មភាពរបស់សិស្សជាប់ជាប្រចាំ ដោយផ្តល់មតិកែលម្អនៅពេលដែលរកឃើញមានកំហុសឆ្គង ឬភាពមិនប្រក្រតី ព្រមទាំងសហការផ្តល់ព័ត៌មាននិងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីបង្ការនិងទប់ស្កាត់សិស្សកុំឱ្យប្រព្រឹត្តសកម្មមិនប្រក្រតី។
ដោយឡែក គ្រឹះស្ថានសិក្សា ត្រូវបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីផ្តល់ការលើកទឹកចិត្ត ឬដាក់ទណ្ឌកម្មខាងវិន័យដល់សិស្សានុសិស្សដែលអនុវត្តល្មើសបទបញ្ជាក្នុងឬប្រាសចាកសីលធម៌ និងអនុវត្តវិធានការផ្តល់រង្វាន់ចំពោះសិស្សល្អ ចំណែកសិស្សប្រព្រឹត្តល្មើសនឹងបទបញ្ជាផ្ទៃក្នុង ត្រូវណែនាំចាត់វិធានការរដ្ឋបាល និងអាចដាក់ទណ្ឌកម្មឈានទៅដល់ការលុបឈ្មោះចេញពីសាលារៀន អាស្រ័យទៅលើកំហុស ឬអំពើល្មើសដែលបានប្រព្រឹត្ត និងអាចឈានដល់ការអនុវត្តវិធានការច្បាប់ទៀតផង។ ការណ៍ធ្វើដូច្នេះ ក្រសួងបញ្ជាក់ថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាចំពោះទូទៅសាធារណៈ និងលើកកម្ពស់ចរិយាសម្បទារបស់សិស្សានុសិស្ស៕
ដោយ៖ ង៉ែត ពិសាន្ត






