跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុ បន្តចុះបង្ក្រាបករណី Scam Online វីឡាមួយកន្លែងនៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន ២០ នាក់

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណី Scam Online មួយកន្លែង នៅវីឡាភូមិគ្រឹះស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

លទ្ធផលនៃប្រតិបត្តិការខាងលើ គឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងរួមមាន៖ ឃាត់ខ្លួនជនបរទេសចំនួន ២០ នាក់ ក្នុងនោះមានជនជាតិខ្មែរ ៣ នាក់ កុំព្យូទ័រ ២៤ គ្រឿង និងទូរស័ព្ទចំនួន ៣៨៩ គ្រឿង។

សកម្មភាពនេះជាផ្នែកមួយសំខាន់របស់គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅខុសច្បាប់ ស្របតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។

ការចុះប្រតិបត្តិការដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារបញ្ជាក់យ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជាមិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ។

បច្ចុប្បន្ន ជនបរទេស និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាន ដើម្បីបន្តនីតិវិធីតាមច្បាប់៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…