跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយរបស់ជប៉ុន-ចិន ផលិតរថយន្តអគ្គិសនីប្រភេទដឹកទំនិញ នៅខេត្តពោធិ៍សាត់

KPS99TV历史原文 · 暂无当前语言译文

រាជរដ្ឋាភិបាល បានកំណត់ការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជិត ៨ សែនគ្រឿង ត្រឹមឆ្នាំ ២០៣០ ដើម្បីឱ្យដើរទន្ទឹមគ្នាទៅនឹងនិន្នាការតំបន់ និងសកល ស្របពេលដែលវិស័យនេះមិនត្រឹមតែរួមចំណែកដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល ជាពិសេសដើរស្របតាមប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ ២០៥០។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ ក្រោយមានរោងចក្រដំឡើងរថយន្តដើរដោយថាមពលអគ្គិសនី ប្រភេទដឹកទំនិញ ដែលរំពឹងថានឹងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងការពារបរិស្ថាន នៅពេលអនាគត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី (EV) មានទំហំទុនវិនិយោគ ៤៦ លានដុល្លារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ និងអាចបង្កើតការងារបានចំនួន ៤២៨ កន្លែង។ គម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនេះ វិនិយោគដោយក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) (ZO MOTORS)។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា៖ «ថ្ងៃក្រោយ យើងចង់បន្ថយចំណាយថ្លៃដឹកជញ្ជូន ព្រោះបើប្រើសាំង និងម៉ាស៊ូតថ្លៃ រថយន្តដែលដំឡើងនៅខេត្តពោធិ៍សាត់ គឺជារថយន្តដឹកទំនិញចេញចូលប្រទេសជិតខាង ដោយប្រើថាមពលអគ្គិសនី ដែលអាចបន្ថយថ្លៃដឹកជញ្ជូន ដូច្នេះយើងអាចដឹកជញ្ជូនទំនិញបានច្រើនជាងមុន ប្រកួតប្រជែងបានល្អ និងលក់ទំនិញបានច្រើនជាងមុន ព្រមទាំងការពារបរិស្ថាន»។

ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO., LTD គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយរបស់ជប៉ុន-ចិន ដែលមិនបញ្ចេញឧស្ម័ន និងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។

គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីកើនឡើងសរុបប្រមាណ ១ ម៉ឺន ៣ ពាន់គ្រឿង (១២,៩៦៨) ក្នុងនោះមានរថយន្តអគ្គិសនីចំនួន ៩,០៦៥ គ្រឿង ទោចក្រយានយន្តចំនួន ៣,២០៣ គ្រឿង និងត្រីចក្រយានយន្តចំនួន ៧០០ គ្រឿង៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…