ក្រៅពីចោរលួចរថយន្តពីស្រុកពាមរក៍ ខេត្តព្រៃវែង និងអ្នកទទួលផលចោរកម្ម នៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ សមត្ថកិច្ចក៏បានឈានដល់ការឃាត់ខ្លួនអ្នករារាំងការអនុវត្តច្បាប់របស់មន្រ្តីនគរបាលចំនួន២នាក់ទៀត ដោយសារពួកគេនាំគ្នាឡោមព័ទ្ធកងកម្លាំងសមត្ថកិច្ចចងរំដោះជនសង្ស័យជាមុខសញ្ញាចោរកម្ម បន្ទាប់សមត្ថកិច្ចបានឃាត់ខ្លួននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
ការឃាត់ខ្លួនជនសង្ស័យទទួលផលចោរកម្មនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចខេត្តព្រៃវែងបានដឹកចោរលួចរថយន្តនៅស្រុកពាមរក៍ មកចង្អុលបង្ហាញកន្លែងទទួលផលចោរកម្ម និងមុខសញ្ញានៅឃុំមហាឬស្សី ស្រុកគងពិសី។ ក្រោយការឃាត់ខ្លួនមុខសញ្ញាទទួលទិញផលចោរកម្មឈ្មោះ កែវ ដារ៉ូ ភេទប្រុស មុខរបរទិញលក់រថយន្ដដោះបំបែកគ្រឿងលក់(កាប់សាច់) ក៏មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋជាច្រើនបាននាំធ្វើការតវ៉ា ឡោមព័ទ្ធ បិទផ្លូវជាតិលេខ៣ ចាក់បំបែកកង់រថយន្ត និងវាយកម្ទេចរថយន្តរបស់ប៉ូលិស គោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្ម។ ប៉ុន្តែត្រូវបានកម្លាំងនគរបាលសម្រេចចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ឡើងលើ ដើម្បីបំបែកក្បួនតវ៉ា។
ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនបានអ្នករារាំងចំនួន២នាក់៖ ទី១. ឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ និងឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ។ ក្នុងនោះអ្នកទទួលផលចោរកម្ម បាននិយាយសារភាពថា គាត់បានទិញរថយន្ដពីចោរដែលលួចបានពីខេត្ដព្រៃវែង រថយន្ដម៉ាក Hyundai ទម្ងន់ ២,៥តោន ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត ២៣០០ដុល្លាររថយន្ដគ្មានឯកសារច្បាប់ដើម។
បច្ចុប្បន្នអ្នកទទួលផលចោរកម្ម និងអ្នករារាំងទាំង៣នាក់ ដែលបានឃាត់ខ្លួននៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដើម្បីចំណាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត
















