នៅវេលាម៉ោងជិត ៩ ព្រឹក នាវាចម្បាំងដ៏មានអនុភាពលើលំហសមុទ្ររបស់រុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមការគ្រោងទុក។ ការមកដល់របស់នាវាចម្បាំងទាំងពីរគ្រឿង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ជាមួយនាយនាវី និងពលនាវីកងទ័ពជើងទឹកកម្ពុជាចំនួន ៦០ នាក់ ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺជាកម្មវិធីមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងតែប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។
ក្រោយពេលចូលចតនៅកម្ពុជា តាមកម្មវិធី មេបញ្ជាការ និងនាវិកនៅលើនាវា នឹងបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។
ក្រៅពីនោះ ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិជាច្រើនរូបទៀត នឹងអញ្ជើញទស្សនកិច្ចលើនាវាផងដែរ។ កម្មវិធីទស្សនកិច្ចនេះ ក៏រួមមានកម្មវិធីទស្សនានាវា ដោយសិស្ស និស្សិត និងលោកគ្រូអ្នកគ្រូ នៃសាលាស្ថានទូតរុស្ស៊ីផងដែរ។
នាវា Sovershennyy (សូវឺសេននី) លេខនាវា៖ 333 ប្រភេទ៖ Corvette (នាវាចម្បាំងទំហំមធ្យម មានមីស៊ីលណែនាំ) ចូលបម្រើការងារ៖ ឆ្នាំ ២០១៧។ នាវានេះ គឺជានាវាចម្បាំងទំនើប ដែលរចនាឡើងសម្រាប់ប្រតិបត្តិការនៅតំបន់សមុទ្រជិតឆ្នេរ (littoral warfare) និងការការពារតំបន់។ នាវាចម្បាំងទំនើបនេះ មានសមត្ថភាពច្រើនមុខ ជាផ្នែកសំខាន់នៃកងទ័ពជើងទឹករុស្ស៊ីក្នុងតំបន់ប៉ាស៊ីហ្វិក មានអាវុធ និងបច្ចេកវិទ្យាខ្ពស់ ហើយការមកកម្ពុជានេះ ជាសញ្ញានៃការពង្រឹងទំនាក់ទំនងយោធា និងការទូត។
នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជា ពីថ្ងៃទី ៦ ដល់ទី ៨ ខែមេសា ឆ្នាំ ២០២៦ នេះ រួមមាននាវា Sovershennyy លេខ ៣៣៣ និងនាវា Rezky លេខ ៣៤៣។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងលោកវរនាវីឯក KOVALEV Evgenii ហើយមាននាវិកសរុបប្រមាណ ២៦២ នាក់។
នាវាចម្បាំង Sovershennyy ដាក់ដំណើរការកាលពីឆ្នាំ ២០១៧។ វាជានាវាចម្បាំងប្រភេទ corvette ថ្នាក់ Steregushchy-class ទម្ងន់ ២២០០ តោន ប្រវែង ១០៤ ម៉ែត្រ ដើរដោយម៉ាស៊ីនម៉ាស៊ូត និងមានល្បឿន ៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ នាវាចម្បាំងនេះ មានបំពាក់ប្រព័ន្ធរ៉ាដា និងមីស៊ីលចម្រុះ ហើយមានកន្លែងសម្រាប់ឱ្យឧទ្ធម្ភាគចក្រ អាចចុះចតបាន។
នាវាចម្បាំង Rezky ដាក់ដំណើរការកាលពីឆ្នាំ ២០២៣។ វាមានលក្ខណៈបច្ចេកទេសស្រដៀងគ្នានឹងនាវាចម្បាំង Sovershennyy ដែរ ដោយសារជានាវាប្រភេទ corvette ស្ថិតក្នុងថ្នាក់ Steregushchy-class ដូចគ្នា។ ពួកវាមានតម្លៃខ្ទង់ ១២០-១៥០ លានដុល្លារ ក្នុងមួយគ្រឿង។
សូមបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី នាវាចម្បាំងរបស់រុស្ស៊ី បានមកចត និងទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ កាលពីឆ្នាំ ២០២៥ ក្នុងខែមេសា និងឧសភា ក្រុមនាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿង បានចូលមកចតនៅកម្ពុជា រួមមាននាវាចម្បាំង Hero of the Russian Federation Aldar Tsydenzhapov និង Rezky រួមជាមួយនាវាផ្ទុកប្រេងធុនមធ្យម Pechenga នៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ របាយការណ៍បានបង្ហាញផងដែរថា គិតចាប់ពីឆ្នាំ ២០១១ មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកម្ពុជា ចំនួន ៨ លើក ស្មើ ១៨ គ្រឿង៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត















