跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្រ្តីសុខាភិបាលឱ្យមន្ទីរពេទ្យបង្កើនយកចិត្តទុកដាក់ដល់ពលរដ្ឋ អ្នកជំងឺប.ស.សនិងបណ្ណសមធម៌

历史原文 · 暂无当前语言译文

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ និងអ្នកជំងឺបសស អ្នកជំងឺមូលនិធិសមធម៌ ក្នុងការសម្របសម្រួលដល់ប្រជាពលរដ្ឋ ដើម្បីបង្ករឱ្យមានភាពងាយស្រួល លំហូច្បាស់លាស់។ ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តម ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកក្កដា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំមន្ទីរពេទ្យ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឬអ្នកជំងឺ ដោយឥរិយាបថ កាយវិការល្អ ត្រូវស្តាប់រាល់ការលើកឡើងរបស់អ្នកជំងឺ ដើម្បីជាផ្នែកមួយ ជួយដល់ការយល់អំពីស្ថានភាពរបស់អ្នកជំងឺកាន់តែច្បាស់លាស់ មុននឹងធ្វើការសន្និដ្ឋានបានត្រឹមត្រូវសមស្រប។ លើសពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត អំពីបញ្ហាសុខភាពមាតា កុមារ ទារក ដោយត្រូវពិនិត្យតាមដានស្វែងរកគ្រប់ករណី អំពីបញ្ហាប្រឈមអត្រាមរណមាតា និងទារក ដើម្បីរកដំណោះស្រាយ រួមគ្នាក្នុងការលើកកម្ពស់សុខភាពមាតា ទារកឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានខ្ចាប់ខ្ជួន និងត្រូវប្រជុំផ្សព្វផ្សាយដល់មន្រ្តីរាជការ បុគ្គលិកបម្រើការងារទាំងអស់ឱ្យបានយល់ ស្របតាមគោលការណ៍របស់ក្រសួង ដោយត្រូវប្រើប្រាស់ភាសាតែមួយ និងអនុវត្តខ្លឹមសារមួយ ចៀសវាងការអនុវត្តដាច់ដោយផ្នែកៗ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ឯកសារលិខិតស្នាម ដោយត្រូវរៀបចំនិងពិនិត្យឱ្យច្បាស់លាស់ មុននឹងដាក់ឱ្យប្រើប្រាស់ ឱ្យសមស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់ប្រធានអង្គភាព មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព គុណភាព និងដោយស្មារតីបុរេសកម្ម ជាជាងប្រតិកម្ម ហើយត្រូវដោះស្រាយបញ្ហាភ្លាមៗ ឱ្យបានលឿនទាន់ពេលវេលា ដើម្បីឆ្លើយតបទាន់សភាពការណ៍។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ប្រធានមន្ទីរពេទ្យទាំងអស់ ពិនិត្យលទ្ធភាពក្នុងការបង្កើនសកម្មភាពលើកកម្ពស់សុខភាពតាមសហគមន៍ ដូចជា ការពិនិត្យសុខភាពទូទៅជូនប្រជាជន សុខភាពភ្នែក សុខភាពកុមារ និងការអប់រំសុខភាព ដោយត្រូវសហការគ្នារៀបចំផែនការក្នុងការចុះឱ្យបានចំរុះគ្រប់ផ្នែក៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…