跳至正文
西哈努克省电视台 · 官方网站
登录

នៅកម្ពុជា អត្រានៃការប្រើប្រាស់យានយន្តអគ្គិសនីកើនខ្ពស់ ដោយគិតត្រឹមខែមីនា ឆ្នាំ២០២៦ ការចុះបញ្ជីសរុបបានកើនដល់ជាង ១ម៉ឺន៦ពាន់គ្រឿង

KPS99TV历史原文 · 暂无当前语言译文

បើយោងតាមទិន្នន័យចុះបញ្ជីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមីនា ឆ្នាំ២០២៦ ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីមានចំនួនសរុប ១៦,២១០ គ្រឿង ក្នុងនោះ ទោចក្រយានយន្តមានចំនួន ៣,៨៣២ គ្រឿង ត្រីចក្រយានយន្ត ៧២២ គ្រឿង និងរថយន្តមានចំនួន ១១,៦៥៦ គ្រឿង។

នាពេលបច្ចុប្បន្ន អត្រានៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការកើនឡើងជាលំដាប់។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ៣,២៤៣ គ្រឿង ដែលបានធ្វើឲ្យចំនួនសរុបកើនដល់ ១៦,២១០ គ្រឿង គិតត្រឹមខែមីនា។

ឯកឧត្តមបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមេសា ថា នៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨ គ្រឿង (រថយន្ត ៤០៩ គ្រឿង) ខណៈខែកុម្ភៈ មានចំនួន ១,០៧៨ គ្រឿង (រថយន្ត ៨៨៩ គ្រឿង)។ ដោយឡែក នៅខែមីនា មានការចុះបញ្ជីច្រើនជាងគេ ដល់ ១,៦៧៦ គ្រឿង (ក្នុងនោះ រថយន្ត ១,២៩៣ គ្រឿង) ដែលបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់។ ឯកឧត្តមក៏បានរំពឹងថា នៅខែមេសា ការចុះបញ្ជីយានយន្តអគ្គិសនីនឹងបន្តកើនឡើងបន្ថែមទៀត។

ឯកឧត្តមបន្តថា ការកើនឡើងនៃការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា ស្របតាមនិន្នាការការប្រើប្រាស់យានយន្តអគ្គិសនីនៅទូទាំងពិភពលោក។ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…