跳至正文
西哈努克省电视台 · 官方网站
登录

កងកម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកាស៊ីណូ និងសណ្ឋាគារ ថាយថិន ឃីង ក្រុងបាវិត

KPS99TV历史原文 · 暂无当前语言译文

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងកាស៊ីណូ និងសណ្ឋាគារ ថាយថិន ឃីង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដែលមានការសង្ស័យថា មានជនបរទេសលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

ជាលទ្ធផល បានរកឃើញជនបរទេសកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងឃាត់ខ្លួនបានចំនួន ២៣ នាក់ ក្នុងនោះស្រី ២ នាក់ មាន ៤ សញ្ជាតិ រួមមាន៖ ជនជាតិចិន ១៨ នាក់ (ស្រី ២ នាក់), ឥណ្ឌា ៣ នាក់ (ស្រី ១ នាក់), បង់ក្លាដេស ១ នាក់ (ប្រុស) និងចិនតៃវ៉ាន់ ១ នាក់ (ប្រុស)។ រួមជាមួយនេះ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារពាក់ព័ន្ធ ដូចជា កុំព្យូទ័រ All-in-One កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងសម្ភារផ្សេងៗមួយចំនួនទៀត។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…