跳至正文
西哈努克省电视台 · 官方网站
登录

មហាអំណាចចិនសន្យាគាំទ្រវិស័យយោធាកម្ពុជាដែលនឹងពង្រឹងខឿនការពារជាតិទាំងដែនទឹក ដែនគោក និងដែនអាកាស

KPS99TV历史原文 · 暂无当前语言译文

មិត្តដែកថែបចិនបានសន្យាជួយគាំទ្រលើវិស័យយោធាកម្ពុជា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។ ការបង្ហាញការគាំទ្ររបស់មហាអំណាចចិនដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន នាថ្ងៃទី២២ ខែមេសា នៅរាជធានីភ្នំពេញដែលភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រីឯភាគីចិន ដឹកនាំដោយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្រ្តីក្រសួងការពារជាតិ។

បើតាមឯកឧត្តម ទៀ សីហា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៣ ខែមេសានេះថា៖ «ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស»។

ជាការកត់សម្គាល់៖ កន្លងទៅ មិត្តចិនបានជួយកម្ពុជាកសាងសមត្ថភាពការពារជាតិទាំងដែនទឹក ដែនគោក និងដែនអាកាសជាច្រើន តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នា«សមយុទ្ធនាគមាស» ការផ្ដល់យុទ្ធោករណ៍ និងការបណ្ដុះបណ្ដាល។ សម្រាប់ការកសាងសមត្ថភាពការពារជាតិលើដែនទឹក ចិនបានជួយធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម  ដែលជាទីបញ្ជាការកងទ័ពជើងទឹកការពារជាតិកម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០២៥ ការបណ្ដុះបណ្ដាលនាវិក ជាពិសេសចិនបានជួយផលិតនាវាចម្បាំងប្រភេទ០៥៦ ចំនួន ២គ្រឿងឱ្យកម្ពុជា ហើយថ្មីៗនេះ ចិនបានប្រគល់នាវា០៥៦ចំនួន០១គ្រឿងឱ្យកម្ពុជារួចហើយ។

ចំណែក ការកសាងសមត្ថភាពការពារជាតិលើដែនគោក ចិនបានធ្វើសមយុទ្ធ«នាគមាស»ជាមួយកម្ពុជា ផ្ដល់ជំនួយជាយុទ្ធោបករណ៍ ពិសេសប្រព័ន្ធបាញ់គ្រាប់រ៉ុកែតរយៈចម្ងាយឆ្ងាយ PHL-03  មានសមត្ថភាពបាញ់រយៈចម្ងាយចន្លោះពី ៧០គីឡូម៉ែត្រដល់ទៅ១៣០គីឡូម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។ រីឯ ការកសាងសមត្ថភាពការពារជាតិលើដែនអាកាស ចិនបានជួយបណ្ដុះបណ្ដាលយុវជនកម្ពុជាលើការបើកយន្តហោះចម្បាំង ជាពិសេសចិនបានឱ្យប្រព័ន្ធការពារដែនអាកាស KS-1C និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងមកកម្ពុជាទៀតផង៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…