នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Huawei ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងបណ្តុះធនធានមនុស្សផ្នែកបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន Huawei បានជម្រាបជូនអំពីបរិវត្តកម្មឧស្សាហកម្មនៅក្នុងប្រទេសចិន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ដោយលើកយកឧទាហរណ៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ត្រួតពិនិត្យគុណភាពក្នុងខ្សែច្រវាក់ផលិតកម្មរថយន្ត ការបង្កើនប្រសិទ្ធភាពចំណាយនិងកាត់បន្ថយពេលវេលាសម្រាប់សេវាដឹកជញ្ជូន និងការផ្តល់លទ្ធភាពឱ្យអតិថិជនរចនាសម្លៀកបំពាក់តាមតម្រូវការជាដើម។
ភាគីក្រុមហ៊ុនក៏បានលើកឡើងអំពីបទពិសោធជោគជ័យរបស់ខេត្ត Quizhou ដែលធ្លាប់ជាខេត្តក្រីក្រមួយ ប៉ុន្តែត្រូវបានវិវត្តរីកចម្រើន ដោយការវិនិយោគជាយុទ្ធសាស្រ្តលើមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ដោយ៖ KPS99TV










