លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានប្រតិកម្មទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដែលបានបង្ហោះសារថា ការធ្វើសំបុត្រមរណភាព សាមីខ្លួនមិនចាំបាច់ទៅផ្ទាល់ ថាជារឿងលេងសើច។ ការប្រតិកម្មនេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបង្ហោះសារថា ការធ្វើសំបុត្រមរណភាព គឺធ្វើនៅសាលាឃុំ/សង្កាត់ សាមីខ្លួនមិនបាច់ទៅដោយផ្ទាល់ទេ អាចឱ្យក្រុមគ្រួសារទៅធ្វើជំនួសបាន ដែលសារនេះ ត្រូវបានអធិការដ្ឋាននគរបាលក្រុងចាត់ទុកថាជារឿងលេងសើច។
ទោះជាយ៉ាងណា លោកបណ្ឌិត គិន ភា បានបង្ហោះសារនៅថ្ងៃទី២៤ ខែមេសា ដោយប្រតិកម្មយ៉ាងដូច្នេះថា៖ «ប្រហែលអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ទុកមរណភាពជារឿងលេងសើចហើយ ទើបសរសេរខ្លឹមសារបែបនេះ ហើយបង្ហោះថាជារឿងលេងសើច»។
លោកបណ្ឌិតបានពន្យល់ថា ឥរិយាបថការងារបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋលំបាកវិនិច្ឆ័យការងាររបស់រាជការ មិនដឹងថា គេធ្វើមែនទែន ឬធ្វើលេងសើច។ លោកបណ្ឌិតបន្ថែមថា ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសេវាសាធារណៈ អាចត្រូវបានប៉ះពាល់ ដោយសាររបៀប «មែនដូចលេង លេងដូចមែន»។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបង្ហោះសារមួយថា ការធ្វើសំបុត្រមរណភាព គឺធ្វើនៅសាលាឃុំ/សង្កាត់ ដោយសាមីខ្លួនមិនចាំបាច់ទៅផ្ទាល់ អាចឱ្យសមាជិកគ្រួសារធ្វើជំនួសបាន។ បន្ទាប់មក អធិការនគរបាលក្រុងបានបកស្រាយថា ជារឿងលេងសើច។ ទោះជាយ៉ាងនេះក្តី ការបង្ហោះសារបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងសាធារណជនជាច្រើន បង្ហាញការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំងផងដែរ៕ អត្ថបទ៖ ឡាយ កុល







