跳至正文
西哈努克省电视台 · 官方网站
登录

បង្ក្រាបទីតាំងឆបោកអនឡាញក្នុងអគារ BAOLI INTER CITY ឃាត់ខ្លួនជនសង្ស័យ ៤០នាក់ និងដកហូតសម្ភារៈបច្ចេកវិទ្យាច្រើន

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះឆែកឆេរ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤០នាក់ និងដកហូតវត្ថុតាងជាច្រើន ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ចំនួន ៣ករណីផ្សេងគ្នា។ ក្នុងនោះ ករណីទី១ ជាការឆបោកអូសទាញឱ្យវិនិយោគ មានជនសង្ស័យចំនួន ២២នាក់ (ជនជាតិចិន ២០នាក់ និងរុស្ស៊ី ២នាក់) ដោយដកហូតទូរសព្ទដៃ ៥២៨គ្រឿង កុំព្យូទ័រលើតុ ៣៥គ្រឿង ធុង CPU ៣០គ្រឿង និងកុំព្យូទ័រយួរដៃមួយចំនួន។ ក្រុមនេះត្រូវបានសង្ស័យថាបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីបោកប្រាស់ជនរងគ្រោះឱ្យវិនិយោគប្រាក់។

ករណីទី២ ពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពនារីស្អាត ដើម្បីទាក់ទាញ និងបោកប្រាស់ជនរងគ្រោះឱ្យចូលរួមលេងល្បែងលើគេហទំព័រក្លែងក្លាយ មានជនសង្ស័យជនជាតិបង់ក្លាដែស ១២នាក់ និងដកហូតកុំព្យូទ័រយួរដៃ ៥គ្រឿង ព្រមទាំងទូរសព្ទដៃមួយចំនួន។

ចំណែកករណីទី៣ សមត្ថកិច្ចបានរកឃើញជនបរទេសចំនួន ៦នាក់ ដែលស្នាក់នៅខុសច្បាប់ និងមិនមានឯកសារធ្វើដំណើរត្រឹមត្រូវ រួមមានជនជាតិថៃ មីយ៉ាន់ម៉ា វៀតណាម និងចិន។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តសាកសួរ និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ បន្តការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនបន្ធូរដៃ និងគ្មានការលើកលែងឡើយ។

ក្នុងរយៈពេលជាង ៩ខែចុងក្រោយ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានបង្ក្រាបករណីឆបោកអនឡាញជាង ២៥០ករណី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការជាង ១១២ករណី ពាក់ព័ន្ធជនសង្ស័យជាង ១,០៨៩នាក់។ ជាមួយគ្នានេះ ក៏មានការបណ្តេញជនបរទេសពាក់ព័ន្ធបទល្មើសនេះចំនួនជាង ១៣,០៣៩នាក់ មាន ៣៣សញ្ជាតិផងដែរ។

ប្រតិបត្តិការបន្តបន្ទាប់ទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕ ប្រភព៖ គ.ប.ឆ.ប. / ដោយ៖ ស៊ីណាន

评论

正在加载评论…