ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យនគរបាលជំនាញនិងអធិការខណ្ឌទាំង១៤ ត្រូវចាត់វិធានការលើទីតាំងអាជីវកម្មម៉ាស្សាដែលមានចេតនាធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិរបស់ភ្ញៀវជាតិ និងអន្តរជាតិដោយមិនមានការលើកលែងនោះឡើយ។
បទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បានដាក់ចេញនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦នេះ ស្របពេលដែលជនជាតិជប៉ុន ០២នាក់ចូលទៅម៉ាស្សានៅហាងម៉ាស្សា១កន្លែងហើយបានបាត់លុយចំនួន ២ពាន់ដុល្លារ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើលនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា។
ជុំវិញនឹងករណីនេះ ឯកឧត្តមស្នងការ បានដាក់បញ្ជាឱ្យនគរបាលជំនាញ អធិការខណ្ឌទាំង ១៤ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើបច្ចុប្បន្នភាពពិនិត្យ និងស្រង់ស្ថិតិលើអាជីវកម្មម៉ាស្សាជូនភ្ញៀវអន្តរជាតិទាំងអស់ ដើម្បីកំណត់ពីអត្តសញ្ញាណអ្នកទទួលខុសត្រូវ នៃអាជីវកម្មទាំងមូលឱ្យបានច្បាស់លាស់ ដើម្បីឱ្យម្ចាស់អាជីវកម្មត្រូវចូលរួមក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងទ្រព្យជូនភ្ញៀវអន្តរជាតិ ដែលចូលមកលេងប្រទេសកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ថា ករណីសមត្ថកិច្ចរកឃើញថា អ្នកគ្រប់គ្រងទីតាំងនោះបានអនុញ្ញាតឱ្យបុគ្គលិកខ្លួនប្រព្រឹត្តិអំពើទុច្ចរិតណាមួយ ដែលនាំបង្កឱ្យមានអំពើអសន្តិសុខ ឬខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិភ្ញៀវដោយចេតនា នោះអ្នកគ្រប់គ្រងទីតាំង និងអ្នកដែលបានប្រព្រឹត្តិ គឺនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត៕
ដោយ៖ ង៉ែត ពិសាន្ត




