នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បរិវេណខាងជើងប្រាសាទបាយ័ន នៃតំបន់អង្គរដ៏អស្ចារ្យ នឹងក្លាយជាឆាកដ៏អស្ចារ្យសម្រាប់ការប្រកួតប្រជែង និងបង្ហាញសមត្ថភាពក្បាច់គុនបុរាណរវាងកម្ពុជា និងចិន ក្នុងព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ដែលរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង ១,០០០នាក់ ទាំងជាតិ និងអន្តរជាតិ ចូលរួមទស្សនាដោយសេរី។
មុនព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូវត្តសៅលីងចំនួន ១៦អង្គ ដែលបាននិមន្តមកដល់កម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្បាច់គុនក្នុងកម្មវិធីនេះ។
ព្រឹត្តិការណ៍នេះនឹងបង្ហាញការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ ដូចជា គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយនឹងក្បាច់គុនចិនដ៏ល្បីល្បាញ រួមមាន កុងហ្វូសៅលីង និងថាយជី ដែលបង្កើតជាការរួមបញ្ចូលគ្នានៃសិល្បៈប្រយុទ្ធ និងវប្បធម៌ពីរជាតិយ៉ាងល្អឥតខ្ចោះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។ លើសពីនេះ វាក៏មានគោលដៅលើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងអរិយធម៌របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរចិន និងអន្តរជាតិ ឱ្យបានទូលំទូលាយជាងមុន ព្រមទាំងបង្ហាញពីអត្តសញ្ញាណ និងទំនៀមទម្លាប់ដ៏សម្បូរបែប ដែលមានប្រវត្តិយូរលង់របស់ប្រជាជនកម្ពុជា។ ដោយ៖ ស៊ីណាន











