跳至正文
西哈努克省电视台 · 官方网站
登录

ជនជាតិថៃ៦៣៥នាក់ជាប់ពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបានបណ្តេញទៅប្រទេសកំណើតវិញ

KPS99TV历史原文 · 暂无当前语言译文

នគរបាលកម្ពុជា បានបណ្តេញជនជាតិថៃចំនួន ៦៣៥នាក់ (ស្រី៣៥៩នាក់) ចេញពីប្រទេសកម្ពុជាទៅប្រទេសកំណើតវិញកាលពីថ្ងៃទី៣០ ខែមេសា។ ការបណ្តេញជនជាតិថៃទាំងនេះ ដោយសារតែជាប់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីពេលកន្លងទៅ និងក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់កម្ពុជារួចរាល់។ ជនជាតិថៃទាំងនេះបានបណ្តេញចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់បន្ថែមនៅថ្ងៃទី០២ ខែឧសភា។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សមត្ថកិច្ចកម្ពុជាបានឆ្មក់ចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១កន្លែងនៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនបានជនជាតិថៃ ៦៣៥នាក់ (ស្រី៣៥៩នាក់) ដែលជាប់ពាក់ព័ន្ធក្នុងការសកម្មភាពខុសច្បាប់នេះ។ ភ្លាមៗអគ្គស្នងការដ្ឋាននគរបាលជាតិ បានទាក់ទងជាបន្ទាន់ទៅអាជ្ញាធរថៃ ដើម្បីសម្របសម្រួលបញ្ជូនជនជាតិថៃទាំងនោះត្រឡប់ទៅប្រទេសកំណើតវិញ។ ប៉ុន្តែបែរជាសារព័ត៌មានថៃ The Nation និង Khaosod English ចុះផ្សាយចោទប្រកាន់សមត្ថកិច្ចកម្ពុជាថា បានព្យាយាមពន្យាពេល និងបង្ខាំងពលរដ្ឋថៃទាំងនាក់នោះមិនបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។ តែយ៉ាងណា ការចោទប្រកាន់នេះ ត្រូវបានកម្ពុជាទាត់ចោលនិងបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាគ្មានចេតនាឬបង្ខាំងទុកជនជាតិថៃទាំងនោះនៅប្រទេសកម្ពុជាឡើយ។ ជនជាតិថៃទាំង ៦៣៥នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជានាំយកទៅប្រគល់ជូនសមត្ថកិច្ចថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរួចរាល់ហើយកាលពីថ្ងៃទី៣០ ខែមេសា៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…