跳至正文
西哈努克省电视台 · 官方网站
登录

ទុរេននៅផ្សារភូពុយរាប់តោនអនុញ្ញាតឱ្យលក់បន្តក្រោយមន្ត្រីអះអាងថាការពិនិត្យសំណាកគឺដើម្បីទប់ស្កាត់នៅពេលក្រោយ

KPS99TV历史原文 · 暂无当前语言译文

បន្ទាប់ពីផ្ទុះករណីសង្ស័យពាក់ព័ន្ធនឹងការនាំចូលទុរេនពីប្រទេសថៃ និងការព្រួយបារម្ភអំពីសុវត្ថិភាពបរិភោគ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះត្រួតពិនិត្យសំណាកនៅទីផ្សារភូពុយ នាព្រឹកថ្ងៃទី០៣ ខែឧសភានេះ។ ដំណើរការនៃការពិនិត្យ មន្ត្រី ក.ប.ប បានប្រមូលសំណាកយកទៅពិនិត្យ ប៉ុន្តែអនុញ្ញាតឱ្យអាជីវករផ្សារភូពុយលក់បន្តក្រោយមន្រ្តីជំនាញអះអាងថា ការពិនិត្យសំណាក គឺដើម្បីទប់ស្កាត់នៅពេលក្រោយ និងបានសាកសួរបញ្ជាក់ពីប្រភពនាំចូលរួចរាល់។

មន្ត្រីជំនាញក.ប.ប សហការជាមួយម្ចាស់ផ្សារ នៅយប់ថ្ងៃទី០២ ខែឧសភា បានចុះពិនិត្យទុរេនដែលអាជីវករចំនួន៨នាក់បានដាក់លក់ជាគំនរ។ តែនៅពេលនោះម្ចាស់ផ្សារស្នើសុំលើកពេលពិនិត្យទៅព្រឹកថ្ងៃបន្ទាប់វិញ ចំណែកមន្ត្រីជំនាញបានស្នើឱ្យសមត្ថកិច្ចដាក់កម្លាំងយាម ដើម្បីការពារការផ្លាស់ទីទំនិញ។ ប៉ុន្តែបើតាមលោក គឹម ប្រុស ប្រធានសាខា ក.ប.ប.ខេត្តបាត់ដំបង បានសាកសួរអាជីវករ អះអាងថា «ទុរេនខ្លះត្រូវបានកុម្មង់តាមបណ្ដាញសង្គមពីខេត្តកំពង់ចាម ខ្លះពីស្រែអំបិល ខ្លះពីកោះកុង និងខ្លះទៀតពីផ្សារនាគមាសក្នុងរាជធានីភ្នំពេញ ប៉ុន្តែពួកគេមិនមានវិក័យប័ត្រ ឬព័ត៌មានទំនាក់ទំនងច្បាស់លាស់ពីប្រភពនោះទេ»។

ដូច្នេះលោក គឹម ប្រុស បានបញ្ជាក់ថា តាមការអះអាងរបស់អាជីវករ ទុរេនទាំងនេះគឺមកពីខេត្តនានាក្នុងប្រទេសកម្ពុជា។ ម្ល៉ោះហើយ មន្ត្រីបានយកសំណាកមួយចំនួនទៅពិនិត្យរកសារធាតុគីមី ខណៈទុរេនដែលនៅសល់ត្រូវបានអនុញ្ញាតឱ្យលក់បន្តជាធម្មតា។ ពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីហានិភ័យសុខភាព ប្រសិនបើលទ្ធផលពិនិត្យបង្ហាញថា មានសារធាតុគ្រោះថ្នាក់បន្ទាប់ពីទំនិញត្រូវបានលក់អស់ បែរជាមន្ត្រីជំនាញអះអាងថា ការពិនិត្យសំណាក គឺដើម្បីទប់ស្កាត់នៅពេលក្រោយប៉ុណ្ណោះ។ អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានម៉ត់ចត់ មុននឹងទិញទុរេនពីទីផ្សារ ខណៈមានព័ត៌មានអំពីការនាំចូលទុរេនពីក្រៅប្រទេសក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…