跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាស្វាគមន៍ក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយហ្វីលីពីន ពង្រឹងការអនុវត្តបទឈប់បាញ់តាមព្រំដែន

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរមកដល់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ថ្មី ដឹកនាំដោយប្រទេសហ្វីលីពីន ដែលមានបេសកកម្មសំខាន់ក្នុងការតាមដាន និងធានាការអនុវត្តបទឈប់បាញ់តាមព្រំដែនកម្ពុជា-ថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានអញ្ជើញទៅទទួលស្វាគមន៍ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន ប្រធានបេសកកម្ម AOT ថ្មី ប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការអញ្ជើញមកដល់នេះ កើតឡើងបន្ទាប់ពីមានការផ្ទេរ និងប្រគល់ភារកិច្ចដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីប្រទេសម៉ាឡេស៊ី មកប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ក្រោមអធិបតីភាពរបស់អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ។

ក្រសួងការពារជាតិបានបញ្ជាក់ថា វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ហ្វីលីពីន បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មជាប្រធាន AOT ក្នុងឆ្នាំ២០២៦ ដោយផ្អែកលើស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងពេញលេញ។

បន្ថែមពីនេះ ក្រសួងបានសង្កត់ធ្ងន់ថា កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា–ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងឯកសារពាក់ព័ន្ធផ្សេងៗ។ កម្ពុជាក៏បន្តគាំទ្រយ៉ាងពេញទំហឹងដល់យន្តការ AOT និងលើកស្ទួយតួនាទីរបស់វា ក្នុងការពង្រឹងតម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ការចូលរួមរបស់ AOT ត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់ស្ថិរភាព សន្តិភាព និងសុវត្ថិភាពយូរអង្វែងតាមបណ្តោយព្រំដែន ក៏ដូចជាជំរុញឱ្យមានការវិលត្រឡប់ទៅរកប្រក្រតីភាពឆាប់រហ័សរវាងប្រទេសទាំងពីរ។ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…