ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ ត្រូវខិតខំការពារនិងទប់ស្កាត់ការចូលកាប់ទន្ទ្រានព្រៃកោងកាងនៅតាមតំបន់ព្រៃនិងតំបន់សមុទ្រឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសអញ្ជើញស្តាប់សេចក្តីរាយការណ៍ ស្តីពីបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានសម្រាប់រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម(កម្លាំង១០០មេហ្គាវ៉ាត់) របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត (CEL&CEL II) ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត បានណែនាំឱ្យអភិបាលស្រុកចុះពិនិត្យមើលសកម្មភាពគេចាក់ដីលើដើមកោងកាង ប្រសិនបើដីនោះជាដីតំបន់ព្រែក(ដីសាធារណៈរបស់រដ្ឋ) ត្រូវទប់ស្កាត់ឱ្យបានដាច់ខាត់។ ការណ៍នេះ ដោយសារឯកឧត្តមសង្កេតឃើញមានការចាក់ដីកប់លើដើមកោងកាងនៅតាមតំបន់ព្រែកក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានកត់សម្គាល់ថា ដើមកោងកាងនៅតាមតំបន់ព្រែកនៃស្រុកស្ទឹងហាវស្រស់ស្អាតខ្លាំងណាស់ ប្រសិនបើមាននរណាដាក់ទូកជិះកម្សាន្តលេង អាចមានគេទៅជិះ ដោយឯកឧត្តមលើកឡើងថា កាលពេលឯកឧត្តមទៅចិនឃើញមានគេធ្វើក្បូនបំពាក់ម៉ាស៊ីនម៉ូទ័រជិះយឺតៗមើលទៅដូចធម្មជាតិណាស់ ហើយក្បូននោះគេធ្វើអំពីបំពង់ប៉ុន្តែមិនមែនបំពង់ឫស្សីនោះទេ។ ក្នុងន័យនេះ ឯកឧត្តមចង់បញ្ជាក់ថា «ព្រែកនៅស្រុកស្ទឹងហាវដូចគ្នា ប្រសិនបើយើងកែច្នៃដាក់អ៊ីចឹងតិច(ដាក់ក្បូនបំពាក់ម៉ាស៊ីនម៉ូទ័រជិះយឺតៗ) គួបផ្សំមានព្រៃកោងកាងស្រស់ស្អាត និងទឹកថ្លាស្អាត ហើយមានរីសតថែមទៀត នោះក៏ជាប្រភពនៃដែនទេសចរណ៍បន្ថែមដែរ»។
សូមជម្រាបថា កាលពីអំឡុងចុងខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីដាំដើមកូនកោងកាង ដើម្បី «រួមគ្នាបង្កើនគម្របបៃតងជូនមាតុភូមិយើង» របស់គម្រោងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា (CCA4CS) សម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តខេត្តព្រះសីហនុ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ លោកឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់សហគមន៍ចូលរួមថែរក្សាដើមឈើនិងដាំដើមឈើគ្រប់ប្រភេទ រាប់ទាំងដើមកោងកាងនិងព្រៃលិចទឹកផង ដើម្បីផ្តល់ផលប្រយោជន៍ជារួមផ្នែកបរិស្ថាន។ ទន្ទឹមគ្នានេះ លោក ឡុង ឌីម៉ង់ លើកឡើងថា «ដើមកោងកាងជាអង្គរក្សការពារសមុទ្រ» ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ជីវចម្រុះក្នុងសមុទ្រ និងគាំទ្រជីវភាពគ្រួសារក្នុងសហគមន៍៕
ដោយ៖ ង៉ែត ពិសាន្ត









