នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារដ៏ប្រណីតស្កឹមស្កៃ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អគារថ្មីទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានាសន្តិសុខ និងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ពិសេសជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។
សំណង់អគារនេះ ត្រូវបានគូសប្លង់ និងសាងសង់ឡើងជាផ្លូវការនៅអំឡុងឆ្នាំ២០១៩ ដោយក្រុមហ៊ុនក្នុងស្រុក C.M.E.D ត្រួតពិនិត្យគុណភាពបន្ថែមដោយក្រុមហ៊ុន Archetype Group និងបានបញ្ចប់ការសាងសង់ជាផ្លូវការនៅឆ្នាំ២០២៥។ គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩ ៦៣៤ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់។
ការិយាល័យសម្រាប់មន្រ្តីរាជការពន្ធដារបម្រើការងារមានសរុបចំនួន ១៩ជាន់។ ជាន់នីមួយៗមានលម្អផ្ទាំងថ្មធម្មជាតិចម្លាក់លៀននៃទេវកថា រឿងកូរសមុទ្រទឹកដោះចំនួន ១៥ផ្ទាំងផ្សេងៗគ្នា រៀបចំទៅតាមលំដាប់លំដោយនៃសាច់រឿងទាំងមូល, មានលំហការិយាល័យធ្វើការប្រកបដោយផាសុកភាព និងមានទីតាំងទទួលទានអាហាររួមគ្នាផងដែរ។
អគារនេះមានការិយាល័យសម្រាប់ជួលចំនួន ៥ជាន់ ចាប់ពីជាន់ទី១០ ដល់ជាន់ទី១៤ មានទីធ្លាធំទូលាយ អនុញ្ញាតឱ្យអ្នកជួលអាចរៀបចំ ឬរចនាការិយាល័យ ស្របទៅនឹងតម្រូវការអាជីវកម្មរបស់ខ្លួនបានដោយងាយស្រួល។ ចំណែក អគារពាណិជ្ជកម្ម ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ជាបណ្តុំសេវាកម្មតែមួយ ភ្ជាប់គ្នារវាងទីតាំងផ្តល់សេវាអ្នកជាប់ពន្ធទៅនឹងផ្សារទំនើប។ លំហកណ្តាលនៃអគារនេះ លាតសន្ធឹងពីជាន់ផ្ទាល់ដី ដល់ជាន់ទី៤ ជាមួយនឹងទំហំផ្ទៃក្រឡាជួលសរុបចំនួន ១១ ៣៥៤ម៉ែត្រការ៉េ។
អគារទីស្នាក់ការនេះ មានចំណតយានយន្តដ៏ធំទូលាយសរុបចំនួន ៥ជាន់ ជាមួយការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចំណតយានយន្ត។ ប្រព័ន្ធនេះ ជួយដល់អ្នកបើកបរក្នុងការស្វែងរកចំណត ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងកាត់បន្ថយពេលវេលា។ នៅពេលយានយន្តឈានចូលដល់ច្រកចូលចំណត នឹងមានផ្ទាំងទិន្នន័យផ្តល់ព័ត៌មានលម្អិត អំពីចំនួនចំណតទំនេរក្នុងអគារ និងទៅតាមជាន់ រួមជាមួយនឹងពន្លឺសញ្ញាភ្ជាប់ពិដាន ពណ៌ក្រហម ឬ ពណ៌បៃតង ជាសញ្ញាសម្គាល់បង្ហាញពីចំណតដែលនៅទំនេរ។
ការចាប់កំណើតនៃអគារទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺជាការបើកទំព័រនៃសករាជថ្មីមួយក្នុងវិស័យពន្ធដាររបស់កម្ពុជា នឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏យូរអង្វែង ហើយនេះ ជាសក្ខីកម្មមិនអាចប្រកែកបានត្រង់ថា សមិទ្ធផលនេះ នឹងចូលរួមក្នុងដំណើរកសាងអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈក្នុងយុគសម័យបច្ចេកវិទ្យា។
អគារនេះ ត្រូវបានរៀបចំជា២ផ្នែក គឺអគារខ្ពស់ និងអគារទាប។ អគារខ្ពស់ ត្រូវបានរៀបចំជា «អគារការិយាល័យ» ដែលមានកម្ពស់៣០ជាន់ ត្រូវបានរៀបចំសម្រាប់មុខងារការិយាល័យ បន្ទប់ប្រជុំ និងបដិសណ្ឋារកិច្ច ដែលគាំទ្រដល់ការបំពេញការងាររដ្ឋបាល និងការសម្របសម្រួលការងាររជាមួយអង្គភាពផ្សេងៗក្នុងអគ្គនាយកដ្ឋានពន្ធដារ។ អគារនេះ ក៏ត្រូវបានរៀបចំឱ្យមានបន្ទប់ផ្សាយផ្ទាល់ និងមជ្ឈមណ្ឌលទិន្នន័យ។
អគារទាប ត្រូវបានរៀបចំជា «មជ្ឈលមណ្ឌលសន្និសីទ និងផ្សារទំនើប» ដើម្បីបម្រើដល់មុខងារសេវាសាធារណៈ ការជួបជុំ និងការផ្សព្វផ្សាយចំណេះដឹងអំពីប្រព័ន្ធពន្ធដារ និងសេវាកម្មនានា ដែលប្រទាក់ក្រឡាជាមួយការបង់ពន្ធ។ អគារនេះត្រូវបានសាងសង់ដោយមានការផ្ចិតផ្ចង់គ្រប់ផ្នែករួមទាំងផ្នែកសំណង់ ផ្នែកបច្ចេកវិទ្យា និងផ្នែកវប្បធម៌។
១៖ ផ្នែកសំណង់ សាងសង់ឡើងដោយមានភាពរឹងមាំ និងទាន់សម័យអនុលោមតាមរាល់ច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារវិស្វកម្ម និងសំណង់ជាតិ និងអន្តរជាតិសំខាន់ៗក្នុងសំណង់។
២៖ ផ្នែកបច្ចេកវិទ្យា ត្រូវបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធនានា ដែលមានលក្ខណៈទំនើប និងប្រកបដោយនវានុវត្តន៍ខ្ពស់។
៣៖ ផ្នែកវប្បធម៌ មានការបញ្ចូលគ្នារវាងការរចនាបែបទំនើប និងស្នាដៃសិល្បៈខ្មែរមួយចំនួន ដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងស្រស់ស្អាត៕
ដោយ៖ ង៉ែត ពិសាន្ត











































