ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកាស៊ីណូ «យីងហ័ង» ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិចិន និងខ្មែរ សរុបចំនួន ៦៦នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា និងសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ព្រមទាំងការដឹកនាំផ្ទាល់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុនិងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថចំនួន ៤០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ និងសម្របសម្រួលនីតិវិធីដោយលោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងខាងលើ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ៦៤នាក់ និងជនជាតិខ្មែរ ២នាក់។ ក្នុងនោះ ក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យូទ័រ ៦២គ្រឿង, ទូរសព្ទដៃ ៤២៨គ្រឿង, អាវុធខ្លី ១ដើម ម៉ាក LOCK 19, បង់អាវុធ ១, គ្រាប់កាំភ្លើង ៨គ្រាប់, លិខិតឆ្លងដែន ២៥ក្បាល, កាត និងឯកសារពាក់ព័ន្ធមួយចំនួន។
ក្នុងចំណោមជនសង្ស័យ មានមេក្លោងជនជាតិចិន ៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ រួមមាន៖
១- ឈ្មោះ WANG YU អាយុ ៣៣ឆ្នាំ អ្នកគ្រប់គ្រងកាស៊ីណូ «យីងហ័ង» ដែលធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០២៤ ពាក់ព័ន្ធបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។
២- ឈ្មោះ DENG HUI អាយុ ៣៩ឆ្នាំ បុគ្គលិកកាស៊ីណូ ដែលធ្លាប់ជាប់ពន្ធនាគារ ឆ្នាំ២០២៤ ពាក់ព័ន្ធបទសមគំនិតកាន់កាប់អាវុធ និងប្រើប្រាស់គ្រឿងញៀន។
៣- ឈ្មោះ DENG BING អាយុ ៣៦ឆ្នាំ ជាថៅកែកាស៊ីណូ «យីងហ័ង»។
បច្ចុប្បន្ន ជនសង្ស័យចំនួន ៦៣នាក់ទៀត កំពុងស្ថិតក្រោមការសាកសួរ និងបន្តនីតិវិធីដោយកម្លាំងជំនាញអាវុធហត្ថខេត្តព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម
























