មនុស្សសរុប៨៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនក្នុងប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងផ្ទះវីឡាដ៏ស្កឹមស្កៃមួយកន្លែង ដែលសង្ស័យថា មានការលួចលាក់បង្គប់អាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) កាលពីថ្ងៃទី២២ ខែឧសភា។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុទើបតែបង្ហាញនៅថ្ងៃទី២៤ ខែឧសភា។
ផ្ទះវីឡាដ៏ស្កឹមស្កៃនេះ មានទីតាំងស្ថិតក្នុងភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ។ ប៉ុន្តែ រដ្ឋបាលខេត្តព្រះសីហនុ មិនបានបង្ហាញឈ្មោះម្ចាស់វីឡាមួយនេះជារបស់នរណាឱ្យពិតប្រាកដនោះទេ គ្រាន់តែបានបញ្ជាក់ថា ជនបរទេសទាំង៨៣នាក់ រួមទាំងម្ចាស់ទីតាំងដែលជាជនជាតិខ្មែរ និងសម្ភារវត្ថុតាងទាំងអស់ដែលជាឧបករណ៍សង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពបទល្មើសបច្ចេកវិទ្យា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿងបន្តអនុវត្តនីតិវិធីច្បាប់។
ទន្ទឹមនឹងនេះ អាវុធហត្ថខេត្តព្រះសីហនុ ក៏បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភានេះថា កម្លាំងអាវុធហត្ថខេត្តបានបន្តចុះបង្រ្កាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចកាស៊ីណូ យីងហ័ង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិចិននិងជនជាតិខ្មែរសរុប៦៦នាក់ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា។ អាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ក្នុងចំណោមជនសង្ស័យទាំង៦៦នាក់ មានមេក្លោងចំនួន៣នាក់ជាជនជាតិចិនត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។ ទី១៖ ឈ្មោះ វ៉ាង យូ (WANG YU) អាយុ៣៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងកាស៊ីណូ យីងហ័ង (ធ្លាប់ជាប់ពន្ធនាគារ ក្នុងឆ្នាំ២០២៤ ពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់), ទី២៖ ឈ្មោះ តេង ហ៊ុយ (DENG HUI) អាយុ ៣៩ឆ្នាំ មុខរបរបុគ្គលកាស៊ីណូ (ធ្លាប់ជាប់ពន្ធនាគារក្នុងឆ្នាំ២០២៤ ពីបទ សមគំនិតកាន់កាប់អាវុធ និងប្រើប្រាស់គ្រឿងញៀន), ទី៣៖ ឈ្មោះ តេង ប៊ីង (DENG BING) អាយុ៣៦ឆ្នាំ មុខរបរថៅកែកាស៊ីណូ យីងហ័ង។ ចំណែក ជនសង្ស័យ៦៣នាក់ផ្សេងទៀត កម្លាំងជំនាញអាវុធហត្ថកំពុងបន្តនីតិវិធី។
ដោយឡែក កាលពីថ្ងៃទី២០ ខែឧសភា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ធ្លាប់បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចព្រួតដៃគ្នាជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តអនុក្រឹតលេខ០៣ឱ្យបានម៉ឺងម៉ាត់ និងតាមបង្ក្រាបកុំសំចៃដៃទៅលើក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យ៉ាងណា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានរកឃើញ៥៨ទីតាំង ស្មើនឹង ២២៣អគារជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះមានជាប់ពាក់ព័ន្ធកាស៊ីណូចំនួន១៦ទីតាំង និងឃាត់ខ្លួនមនុស្សចំនួន២០៧៤នាក់ (ស្រី២១៧នាក់) ស្មើនឹង ១៦សញ្ជាតិ។ ក្រៅពីនេះ ក៏មានទីតាំងប្រមូលផ្តុំចំនួន៧៨ទីតាំងរកឃើញពាក់ព័ន្ធបទល្មើស ក្នុងនោះមាន ៤៨ទីតាំងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង៣០ទីតាំងទៀតរកឃើញជនបរទេសស្នាក់នៅខុសច្បាប់ ហើយឃាត់ខ្លួនមនុស្សបានសរុបចំនួន ១២២៦នាក់ (ស្រី១៦៦នាក់) ស្មើនឹង ២០សញ្ជាតិ ខណៈម្ចាស់ទីតាំងត្រូវបានរងការពិន័យជាប្រាក់៕
ដោយ៖ ង៉ែត ពិសាន្ត













