跳至正文
西哈努克省电视台 · 官方网站
登录

ក្រោយលើកលែងទោស!!ថ្ងៃដំបូងលោកកឹម សុខាបានទៅស្រុកកំណើតនៅខេត្តតាកែវ

KPS99TV历史原文 · 暂无当前语言译文

ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ជាថ្ងៃដំបូងដែលអតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា បានទៅស្រុកកំណើតនៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយ៉ា ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីលោកត្រូវបានលើកលែងទោសនៅថ្ងៃទី២៥ ខែឧសភា។ នេះបើតាមលោកមេធាវី ផែង ហេង បញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ។

លោក ផែង ហេង បញ្ជាក់ថា៖ «ព្រឹកថ្ងៃទី២៧ ខែឧសភានេះជាថ្ងៃដំបូង ដែលលោក កឹម សុខា បានមកស្រុកកំណើតរបស់គាត់នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយ៉ា ខេត្តតាកែវ ដើម្បីគោរពវិញ្ញាណក្ខន្ធជីដូនជីតាទាំងខាងឪពុកនិងខាងម្តាយ ដើម្បីបួងសួងសុំសេចក្តីសុខ និងសូមឱ្យបារមីនៃបុព្វការីជនជួយឱ្យអ្នកម្តាយរបស់គាត់មានព្រះជន្មយឺនយូរ សុខភាពល្អ បានជាម្លប់ដល់កូនចៅ ចៅទួត ព្រមទាំងសូមឱ្យរូបគាត់បានសេចក្តីសុខ និងមានសេរីភាពពេញលេញទាំងស្រុងឡើងវិញក្នុងពេលឆាប់ៗនេះ»។

ក្នុងសំណេររបស់លោក ផែង ហេង បានបន្តទៀតថា  លោក កឹម សុខា បានបញ្ជាក់ឡើងវិញថា មួយរយៈពេលខ្លីនេះ លោកនៅរក្សាភាពស្ងប់ស្ងាត់មើលថែម្តាយ ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ ហើយក៏គ្រោងសាងផ្នួសសងគុណម្តាយមួយរយៈពេល (មិនមែនសាងផ្នួសរហូតទេ)។ ថ្ងៃនេះដែរ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ លោកបានត្រឡប់ទៅមើលថែម្តាយរបស់គាត់នៅភ្នំពេញវិញ។ តែយ៉ាងណា គេមិនទាន់ដឹងថា លោក កឹម សុខា នឹងទៅបួសនៅថ្ងៃណា ហើយវត្តនោះមានឈ្មោះអ្វីនៅឡើយទេ។

គួររំលឹកថា នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា សមត្ថកិច្ចបានយកដីកាតុលាការជូនលោក កឹម សុខា នៅផ្ទះរបស់លោកក្នុងខណ្ឌទួលគោក ដើម្បីបញ្ជាក់ថា អតីតមេបក្សសង្គ្រោះជាតិរូបនេះ ចាប់ផ្តើមមានសេរីភាពវិញហើយ។ អំឡុងពេលនោះ លោកបានថ្លែងថា ឥឡូវនេះលោកចាប់ផ្តើមមានសេរីភាពវិញហើយ ហើយលោកមិនទាន់អាចនិយាយជាមួយអ្នកសារព័ត៌មានបានទេ ក្រោមហេតុថា ចង់រក្សាភាពស្ងៀមស្ងាត់ដោយសារលោកមានទុក្ខធំម្តាយឈឺ និងថាទៅបួសសងគុណម្តាយ។

បើតាមកំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យ នៅថ្ងៃទី២៦ ខែឧសភា បានឱ្យដឹងថា លោក កឹម សុខា ត្រូវបានដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោតឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ព្រមទាំងហាមឃាត់ចំពោះការចាកចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ។  

ចំណែក ព្រះរាជក្រឹត្យដែលចុះព្រះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានសម្រេចលើកលែងទោសឱ្យលោក កឹម សុខា ដែលតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ប៉ុន្តែការលើកលែងទោសនេះអនុវត្តតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តលើទោសបន្ថែមឡើយ។ ការលើកលែងទោសលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីតុលាការអនុញ្ញាតឱ្យរូបលោកជួបម្តាយដែលកំពុងឈឺធ្ងន់បានចំនួនពីរដង គឺនៅថ្ងៃទី២០ ខែឧសភា និងព្រឹកថ្ងៃទី២៥ ខែឧសភា៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…