跳至正文
西哈努克省电视台 · 官方网站
登录

​ថ្ងៃនេះជាខួប៦៧ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន

历史原文 · 暂无当前语言译文

摘要

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា។ នាឱកាសនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាផងដែរ។ឯកឧត្តមឯកអគ្គរដ្ឋចិន បានអះអាងថា ចិននិងកម្ពុជាតែងជាគំរូនៃការគោរពគ្នាទៅវិញទៅមក ជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាទៅវិញទៅមក តែងដើរឈានមុខគេក្

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា។ នាឱកាសនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋចិន បានអះអាងថា ចិននិងកម្ពុជាតែងជាគំរូនៃការគោរពគ្នាទៅវិញទៅមក ជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាទៅវិញទៅមក តែងដើរឈានមុខគេក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

សូមជម្រាបថា ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងល្អ ដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណីនិងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ។ នៅខែមេសា ឆ្នាំ១៩៥៥ លោក ចូវ អ៊ីនឡាយ នាយករដ្ឋមន្ត្រីចិន និងព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»  បានជួបគ្នានៅក្នុងសន្និសីទអាស៊ីអាហ្វ្រីកនៅទីក្រុងបានឌុង ដែលប្រការនេះបានក្លាយទៅជាទីចាប់ផ្តើមថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសចិននិងកម្ពុជា។ 

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសចិននិងកម្ពុជា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំងពីមានចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសចិននិងកម្ពុជាដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសចិននិងកម្ពុជា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់និងអន្តរជាតិ ដោយទទួលបាននូវសមិទ្ធិផលយ៉ាងច្រើនសម្បូរបែបទៀតផង។

ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»   ជាមិត្តភក្តិចាស់របស់ប្រជាជនចិន។ ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ប្រទេសចិន សុទ្ធតែបានរឹតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយនឹងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»    ដោយបានរួមវិភាគទានដែលមិនអាចបំភ្លេចបានក្នុងការបណ្តុះបណ្តាលបុព្វហេតុមិត្តភាពរវាងប្រទេសចិននិងកម្ពុជា ។ 

ជាច្រើនទសវត្សរ៍កន្លងមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានប្រកាន់ខ្ជាប់នូវគោលនយោបាយរាប់អានជាមួយប្រទេសចិនព្រមទាំងបានស្នាក់នៅក្នុងប្រទេសចិនអស់រយៈពេលជាយូរទៀតផង ។ គួរឱ្យសោកស្តាយបំផុត គឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានយាងចូលទិវង្គតនៅក្រុងប៉េកាំង ប្រទេសចិន។ នាពេលនោះថ្នាក់ដឹកនាំប្រទេសចិន បានរៀបចំពិធីរំលែកទុក្ខចំពោះការយាងចូលទិវង្គតរបស់ព្រះអង្គដោយឡែកនៅក្រុងប៉េកាំង ព្រមទាំងរៀបចំចាត់បញ្ជូនយន្តហោះពិសេសដើម្បីអមដំណើរព្រះមជ្ឈូសារបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាងត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ។ នៅខែកុម្ភៈ ឆ្នាំ២០១៣ លោក ចា ឈាងលីន ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ក៏បានអញ្ជើញទៅចូលរួមក្នុងពិធីបញ្ចុះសពព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ប្រទេសកម្ពុជា ជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរតែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាញឹកញាប់។ ជាក់ស្តែង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។ ការអញ្ជើញមកដល់របស់ឯកឧត្តម ស៊ី ជីនពីង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ, ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទទួលស្វាគមន៍ប្រធានាធិបតីចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីជាការផ្តល់កិត្តិយសដ៏ធំធេងដល់មហាមិត្តរបស់កម្ពុជា។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង គឺជាការឆ្លុះបញ្ចាំងពីការចាប់ផ្តើមថ្មីនៅក្នុងប្រតិទិនការទូត និងជាសញ្ញាថា កម្ពុជា នឹងកាន់តែទទួលបានការពង្រឹងសម្ព័ន្ធភាព និងមិត្តភាពអន្តរជាតិកាន់តែកក់ក្តៅ។ ចំណុចសំខាន់នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីចិន ត្រូវបានគេរំពឹងថា ក៏ជាផ្នែកមួយនៃភាពប្តេជ្ញាបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ ៥ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាក្របខ័ណ្ឌគោលនយោបាយប្រកបដោយមហិច្ឆិតា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការដឹកនាំប្រទេសជាតិឈានដល់ភាពកាន់តែរុងរឿងនាអនាគត។ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ក្នុងជំនួបមួយជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែតុលា ឆ្នាំ២០២៣ បានថ្លែងថា៖ «ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញការបន្ស៊ីគ្នារវាងគម្រោងផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ចិនជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងអនុញ្ញាតឱ្យការអភិវឌ្ឍរបស់ប្រទេសចិននាំមកនូវភាគលាភបន្ថែមទៀតដល់ប្រជាជនកម្ពុជា»។

ក្នុងចំណោមលទ្ធផលជាក់ស្តែងបំផុតនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ BRI, មហាវិថី Xi Jinping មួយខ្សែប្រវែង ៥៣គីឡូម៉ែត្រ ត្រូវបានបង្កើតឡើងនិងមហាវិថីដែលដាក់ឈ្មោះឯកឧត្តមប្រធានាធិបតីចិន ក្រោមហិរញ្ញប្បទាន២៧៣លានដុល្លារពីប្រទេសចិននោះ ត្រូវបានសម្ពោធកាលពីខែសីហា ឆ្នាំ២០២៣។ ដោយឡែកកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ BRI ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបង្កើតសមិទ្ធផលដទៃទៀតជាច្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា គឺស្ពានមិត្តភាពកម្ពុជា-ចិន ដូចជាស្ពានចាក់អង្រែក្រោមព្រែកប្រា, ស្ពានស្ទឹងសែន, ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនី ដូចជារោងចក្រវារីអគ្គីសនីទី២ទន្លេសេសាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងនេះ សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់កំណើនពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរកម្ពុជានិងចិនថែមទៀត។

មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរ (កម្ពុជា-ចិន) កំពុងអនុវត្តផែនការសកម្មភាពរួមគ្នាសម្រាប់ការកសាងសហគមន៍កម្ពុជា-ចិនជាមួយនឹងអនាគតរួមគ្នា (២០២៤-២០២៨) ដែលជាក្របខណ្ឌដែលជំរុញឱ្យមានការចូលរួមកាន់តែស៊ីជម្រៅក្នុងវិស័យដូចជា ការអប់រំ សុខាភិបាល សេដ្ឋកិច្ចឌីជីថល ទេសចរណ៍ កសិកម្ម និងវិស័យការពារជាតិ។ ការចាត់តាំងឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកន្លងមកនេះ គឺជាអ្វីនៃបំណងប្រាថ្នារបស់ប្រជាជាតិ ទាំង២ ក្នុងការកសាងទំនាក់ទំនងវប្បធម៌ និងសង្គមកាន់តែជិតស្និទ្ធ លើសពីក្របខ័ណ្ឌសេដ្ឋកិច្ចនិងនយោបាយប្រពៃណី។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី Xi Jinping ក៏បង្ហាញនូវសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយដែរ។ នៅពេលដែលភាពមិនប្រាកដប្រជាជាសាកល និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងឥណ្ឌូប៉ាស៊ីហ្វិកកាន់តែមានឥទ្ធិពលខ្លាំង កម្ពុជានៅតែបន្តអនុវត្តគោលនយោបាយការបរទេស នៃការចូលរួមដោយសន្តិវិធី ការមិនចូលបក្សសម្ព័ន្ធនិងការធ្វើពិពិធកម្មយុទ្ធសាស្ត្រ។ ប៉ុន្តែមិត្តភាពរបស់កម្ពុជាជាមួយចិន គឺនៅតែជាយុថ្កាការទូតដ៏សំខាន់បំផុតមួយរបស់ខ្លួន។ ដំណើរទស្សនកិច្ចនេះបានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់កម្ពុជាចំពោះប្រទេសចិន ជាពិសេសនៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងក្របខ័ណ្ឌការតភ្ជាប់ក្នុងតំបន់។

រហូតមកដល់ពេលបច្ចប្បន្ន ប្រទេសទាំងពីរ(ចិន-កម្ពុជា) ទទួលបាននូវសមិទ្ធិផលជាផ្លែផ្កាយ៉ាងច្រើនសម្បូរបែប។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៥.១៩ពាន់លានដុល្លារ កើនឡើង ២៣.៨% ធៀបនឹងឆ្នាំមុន។ ទំហំនេះស្មើនឹងជិត៣០% នៃពាណិជ្ជកម្មសរុបរបស់កម្ពុជា ដែលធ្វើឱ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មលេខមួយរបស់ប្រទេសកម្ពុជា។ ការនាំចេញរបស់កម្ពុជាទៅប្រទេសចិនបានកើនដល់ ១.៧៥ពាន់លានដុល្លារ ខណៈការនាំចូលពីប្រទេសចិនបានកើនឡើងដល់ ១៣.៤៤ពាន់លានដុល្លារ។

ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ចិនមានទំហំទឹកប្រាក់ ៩,២៧ ពាន់លានដុល្លារ កើនឡើង ២៦,៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ ដែលមានត្រឹមតែ ៧,៣១ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនចំនួនជាង ៧៥០ លានដុល្លារ ធ្លាក់ចុះ ៧,៩% ចំណែកឯចិននាំចូលមកវិញជាង ៨,៥២ ពាន់លានដុល្លារ កើនឡើង ៣១,២%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរត្រូវពង្រីកដោយឥតឈប់ឈរ។ ជាមួយការចាប់ផ្តើមក្នុងឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរចិនមកប្រទេសកម្ពុជា គឺមានការកើនឡើង បើធៀបនឹងឆ្នាំ២០២៤កន្លងទៅ ពោលក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ ៣៨ម៉ឺននាក់ កើនឡើងប្រមាណ៤៩% បើធៀបនឹងរយៈពេល៤ខែនៃឆ្នាំ២០២៤។ នេះបើតាមលោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ។


ដោយឡែក នៅក្នុងឆ្នាំ ២០២៥នេះ កម្ពុជា បានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្តចំនួន ៧ លាននាក់ ក្នុងនោះកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនជាង ១លាននាក់។ ដើម្បីសម្រេចនូវតួរលេខនេះបាន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកក្នុងការជំរុញការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ឈរលើទស្សនទានស្អាត និងបៃតង បន្ថែមលើការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅ ទេសចរណ៍ដែលមានស្រាប់ ដើម្បីជំរុញឲ្យមានការរៀបចំពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានកែច្នៃលំដាប់ថ្នាក់អន្តរជាតិ រមណីយដ្ឋានបែបអេកូទេសចរណ៍ ទេសចរណ៍កីឡា ទេសចរណ៍តំបន់ឆ្នេរ/កោះ ទេសចរណ៍វ័យចំណាស់ជាដើម៕ 

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…