គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើសរុបជាង ៤លានដើម ក្នុងនោះមានកូនត្នោតជាង ១លានដើម សម្រាប់ត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមទីសាធារណៈ និងស្តារព្រៃឈើឡើងវិញ។
សកម្មភាពនេះស្ថិតក្រោមការអនុវត្តយ៉ាងសកម្មនៃយុទ្ធនាការ «ពន្លកបៃតង» ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសសសរស្តម្ភទី២ «ភាពបៃតង»។ យុទ្ធនាការនេះផ្តោតលើការបណ្តុះ និងចែកកូនឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ សម្រាប់ដាំស្តារព្រៃសហគមន៍ និងដាំនៅតាមទីសាធារណៈ ដូចជា សាលារៀន វត្តអារាម និងទីតាំងនានានៅតាមមូលដ្ឋាន ដើម្បីបង្កើនគម្របព្រៃឈើ និងរួមចំណែកឆ្ពោះទៅរកគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
យុទ្ធនាការ «ពន្លកបៃតង» ត្រូវបានដាក់ឱ្យអនុវត្តក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងបង្កើនគម្របព្រៃឈើ លើកកម្ពស់ការស្រឡាញ់ និងថែរក្សាធម្មជាតិ ព្រមទាំងជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
ដើម្បីគាំទ្រយុទ្ធនាការនេះ ក្រសួងបរិស្ថានបានពង្រីកការផលិតកូនឈើពី ៣ ទៅ ៥លានដើមក្នុងមួយឆ្នាំ តាមរយៈថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង ស្ថិតនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និងកោះកុង។ កូនឈើដែលបានបណ្តុះរួមមានប្រភេទឈើព្រៃ ដូចជា បេង និងនាងនួន ឈើហូបផ្លែ ព្រមទាំងកូនត្នោតផងដែរ។
នៅក្នុងឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានគ្រោងចែកកូនឈើសរុបចំនួន ៥លានដើម ជូនដល់សាធារណជន សហគមន៍ សាលារៀន និងវត្តអារាម ដើម្បីយកទៅដាំនៅតាមមូលដ្ឋាន និងចូលរួមស្តារព្រៃឈើឱ្យកាន់តែមានភាពបៃតង និងនិរន្តរភាព៕ ដោយ៖ ប៉ៃ សុឃីម










