跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចធិបតី ថ្លែងអំណរគុណដល់មហាគ្រួសារខ្មែរ ដែលជួបជុំគ្នាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងដល់វីរកងទ័ពជួរមុខកម្ពុជា

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់មហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយចំអាម។ 

ការថ្លែងអំណរគុណរបស់សម្តេចធិបតី ធ្វើឡើងបន្ទាប់ប្រជាពលដ្ឋយ៉ាងច្រើនកុះករ បាបជួបជុំគ្នាក្នុងព្រឹត្តិការណ៍ «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី បានបញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ ១) យន្តការបច្ចេកទេសទ្វេភាគី ដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង ២) យន្តការច្បាប់អន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសពីនេះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែលមានការរំលោភបំពាន ដោយគគ្លើនលើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។

ជាចុងក្រោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមជូនពរដល់កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជា ទាំងខ្សែត្រៀម និងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួន នូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និងបន្តគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…