跳至正文
西哈努克省电视台 · 官方网站
登录

កូនខ្មែរធ្វើបាន ស្នាដៃសិស្ស NPIC បង្ហាញសមត្ថភាពយុវជនខ្មែរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទំនើប

KPS99TV历史原文 · 暂无当前语言译文

យុវជនកម្ពុជា ខាត់ ស៊ុនសំណាង ដែលកំពុងសិក្សាជំនាញអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបង្ហាញស្នាដៃច្នៃប្រឌិតថ្មីមួយ គឺឧបករណ៍វាស់ និងតាមដានគុណភាពខ្យល់ (Air Quality Monitoring Device) ដែលអាចជួយត្រួតពិនិត្យស្ថានភាពបរិយាកាស និងជូនដំណឹងពីហានិភ័យដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ឧបករណ៍នេះអាចប្រើប្រាស់សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ និងសីតុណ្ហភាពនៅតាមរោងចក្រ សហគ្រាស ស្ថាប័នសាធារណៈ និងទីតាំងឧស្សាហកម្មផ្សេងៗ ដោយអាចជូនដំណឹងនៅពេលស្ថានភាពបរិយាកាសឈានដល់កម្រិតដែលបង្កហានិភ័យ។
យុវជន ខាត់ ស៊ុនសំណាង បានឱ្យដឹងថា អ្នកប្រើប្រាស់អាចស្កេន QR Code ដើម្បីចូលមើលទិន្នន័យគុណភាពខ្យល់ដោយផ្ទាល់តាមទូរសព្ទដៃ ឬកុំព្យូទ័រ។ ឧបករណ៍នេះត្រូវបានរចនា ផលិត និងអភិវឌ្ឍទាំងផ្នែក Hardware, Software និង Web Interface ដោយក្រុមសិស្សផ្ទាល់។
ឧបករណ៍នេះមានសមត្ថភាពវាស់ស្ទង់ទិន្នន័យសំខាន់ៗជាច្រើន រួមមានកម្រិតភាគល្អិតធូលី PM10 ឧស្ម័នកាបូនឌីអុកស៊ីត (CO₂) សីតុណ្ហភាព សំណើម និងប៉ារ៉ាម៉ែត្របរិស្ថានផ្សេងៗទៀត។ ទិន្នន័យទាំងអស់អាចបង្ហាញបានភ្លាមៗតាមប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់តាមដានស្ថានភាពបរិយាកាសបានយ៉ាងងាយស្រួល។
លោក ស៊ុន មេសា បានបញ្ជាក់ថា ស្នាដៃនេះគឺជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យុវជនកម្ពុជា ក្នុងការស្រាវជ្រាវ ច្នៃប្រឌិត និងអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យាពីបរទេស។
លោកបន្ថែមថា ក្រុមសិស្ស NPIC ដែលភាគច្រើនមានវ័យជាង ២០ឆ្នាំ បានបង្ហាញឱ្យឃើញថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កំពុងដើរតួនាទីសំខាន់ក្នុងការបង្កើតធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការបច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
ការបង្កើតឧបករណ៍ Air Quality Monitoring Device នេះ មិនត្រឹមតែជាស្នាដៃបច្ចេកទេសដ៏គួរឱ្យកោតសរសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់យុវជនខ្មែរ ដែលបានបង្ហាញថា កម្ពុជាមានសមត្ថភាពក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ សម្រាប់បម្រើសង្គម និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…