តាមដីកាសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារដែលចុះហត្ថលេខាដោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែមិថុនា បានប្រគល់ភារកិច្ចឱ្យលោកស្រី គីម គន្ធារីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ជាប្រធានស្តីទីមន្ទីរអប់រំខេត្ត ជំនួសលោក ចេង លីមហ៊ាន់ ដែលបានចូលនិវត្តន៍។ ការប្រគល់ភារកិច្ចនេះ គឺដើម្បីអនុញ្ញាតឱ្យលោកស្រី គីម គន្ធារីន ដឹកនាំចាត់ចែងការងារ រដ្ឋបាលទូទៅរបស់មន្ទីរអប់រំខេត្តព្រះវិហារ រហូតដល់មានអនុក្រឹត្យតែងតាំងប្រធានមន្ទីរអប់រំខេត្តថ្មី។
ក្នុងដីកា បានបញ្ជាក់ថា លោកស្រី គីម គន្ធារីន មានភារកិច្ចដឹកនាំ ចាត់ចែង និងសម្របសម្រួលការងារទាំងអស់របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ រដ្ឋបាលខេត្តបានណែនាំដល់នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញទាំងអស់ ត្រូវសហការអនុវត្តដីកានេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ ង៉ែត ពិសាន្ត




