ខេត្តកោះកុង៖ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលកោះកុង អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍នេសាទ ចុះពិនិត្យស្ថានភាពសហគមន៍នេសាទព្រែកខ្សាច់ ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបានពិនិត្យស្ថានភាពធនធានធម្មជាតិ ព្រៃកោងកាង វឌ្ឍនភាពនៃការគ្រប់គ្រងសហគមន៍ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជានេសាទ ព្រមទាំងបានចូលរួមលែងកូនក្តាមថ្មប្រមាណ ៣០០ក្បាល ចូលទៅក្នុងដងព្រែក ដើម្បីរួមចំណែកអភិរក្ស និងបង្កើនធនធានជលផលក្នុងតំបន់។
តាមរបាយការណ៍របស់អាជ្ញាធរឃុំព្រែកខ្សាច់ បានឱ្យដឹងថា សហគមន៍នេសាទព្រែកខ្សាច់មានធនធានធម្មជាតិដ៏សម្បូរបែប រួមមាន ព្រៃកោងកាងចំនួន ៤៧៨ហិកតា ស្មៅសមុទ្រ ១០២ហិកតា វាលភក់ជាង ៤០០ហិកតា សារាយសមុទ្រ និងឆ្នេរខ្សាច់។ តំបន់នេះក៏សម្បូរទៅដោយជីវចម្រុះដូចជា គ្រែងឈាម គ្រំចំពុះទា ក្តាមងាវភក់ សត្វភេ និងសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភពចំណូលសំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ ៧០ ទៅ ៨០ភាគរយ។
លោក ម៉ឹង ឡាត់ ប្រធានសហគមន៍នេសាទព្រែកខ្សាច់ បានឱ្យដឹងថា សហគមន៍បានអនុវត្តផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយសម្រេចបានការសាងសង់ស្នាក់ការសហគមន៍ ទិញអូប័រមួយគ្រឿង បោះបង្គោលសម្គាល់តំបន់ស្មៅសមុទ្រ ដាក់ប្រអប់ជម្រកសិប្បនិម្មិត និងអនុវត្តគម្រោងធនាគារក្តាមសេះសម្រាប់ប្រជាពលរដ្ឋចំនួន ៦០គ្រួសារ។ លើសពីនេះ រដ្ឋបាលជលផលបានគាំទ្រឧបករណ៍ភ្ញាស់ក្តាមសេះ ខណៈអង្គការ FFI បានជួយសាងសង់ផែទូក និងស្ពានដើរប្រវែង ១០០ម៉ែត្រ។
ឯកឧត្តម ទឹម បូរក្ស បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានរួមគ្នាការពារ អភិរក្ស និងបង្ក្រាបបទល្មើសជលផល ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ តំបន់សហគមន៍នេសាទព្រែកខ្សាច់នៅតែមានវត្តមានសត្វកម្រជាច្រើនប្រភេទ ដូចជា សត្វភេ អណ្តើកសមុទ្រ និងផ្សោតចំនួន២ប្រភេទ គឺផ្សោតផ្កាឈូក និងផ្សោតក្បាលត្រឡោក ដែលបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី និងសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិក្នុងតំបន់នេះ៕ ដោយ៖ ប៉ៃ សុឃីម














