ទោះបីអាជ្ញាធរស្រុកមុខកំពូល ខេត្តកណ្តាល បានបញ្ជាឱ្យផ្អាកជាបន្ទាន់ចំពោះការសាងសង់សំណង់រឹងមាំអត់ច្បាប់មួយកន្លែងសង់លយចូលទន្លេមេគង្គក៏ដោយ ប៉ុន្តែម្ចាស់ទីតាំងនៅតែបន្តលួចសាងសង់ធម្មតា ដោយមិនទៅសុំច្បាប់នោះទេ។
បើតាមលោក យី យ៉េន បានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនាថា លោកបានឱ្យគេផ្អាកសំណង់នេះហើយ និងបានប្រាប់ឱ្យម្ចាស់ទីតាំងទៅសុំច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន។ ទីតាំងសំណង់ខុសច្បាប់នេះ ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ប៉ុន្តែផ្ទុយទៅវិញ ក្រោយអាជ្ញាធរបញ្ជាឱ្យផ្អាកបាន៣ថ្ងៃ ម្ចាស់ទីតាំងក៏បានឱ្យកម្មករសំណង់លួចលាក់សាងសង់ផ្គើននឹងបញ្ជារបស់អភិបាលស្រុក ព្រោះអាងអំណាចទឹកលុយរបស់ខ្លួន។ តែទោះបីជាយ៉ាងណា លោកអភិបាលស្រុកមុខកំពូល បានអះអាងថា លោកនឹងបញ្ជាឱ្យក្រុមការងារចុះមើលម្ដងទៀតចំពោះទង្វើគគ្លើនមួយនេះ៕
ដោយ៖ ង៉ែត ពិសាន្ត






