យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែស្មើនឹង ៩៤,១២ភាគរយនៃចំនួនផ្លូវជាតិគោលដៅសរុបដែលមានចំនួន៦៨ខ្សែនិងមានប្រវែង ៦,៣៤៩គីឡូម៉ែត្រនៅទូទាំងប្រទេសកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយមថា ផ្លូវជាតិទាំងអស់នៅកម្ពុជានឹងទទួលបានភាពស្អាតនៅចុងឆ្នាំ២០២៥ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់នៅថ្ងៃទី២០ ខែកក្កដាថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ផ្លូវជាតិប្រវែង ៦ ២០៥,៦៧គីឡូម៉ែត្រ ស្មើនឹង ៩៧,៧៤% នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិកជាប្រចាំថែមទៀត។ ការងារនេះ មានការចូលរួមសម្របសម្រួលពីមន្ទីរបរិស្ថានរាជធានីខេត្ត សហការជាមួយរដ្ឋបាលបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អ្នកនាំពាក្យ បន្ថែមថា ផ្លូវជាតិដែលនៅសេសសល់ មិនទាន់បានសម្អាត ដោយសារមូលហេតុផ្លូវកំពុងជួសជុល។ ប៉ុន្តែ ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយមថា ផ្លូវជាតិទាំងអស់នៅកម្ពុជានឹង ទទួលបានភាពស្អាត នៅចុងឆ្នាំ២០២៥ ខណៈពេលផ្លូវជាតិចំនួនជាង៧៥% ស្មើនឹងប្រមាណ៤ ៧២៥ គម នៃចំនួនផ្លូវដែលបានសម្អាត មានស្ថានភាពស្អាតល្អ។
ឯកឧត្តម ខ្វៃ អាទិត្យា បន្តថា ឃុំ-សង្កាត់ដែលមានផ្លូវជាតិឆ្លងកាត់សរុបនៅកម្ពុជាមានចំនួន ៩៥០ ឃុំ/សង្កាត់ ក្នុងនោះឃុំ/សង្កាត់ចំនួន ៨៩៥បានចូលរួម ក្នុងយុទ្ធនាការ «ផ្លូវជាតiគ្មានសំរាម និងសំណល់ប្លាស្ទិក» និងមានអ្នកចូលរួមសរុបចំនួន ២៦៣,៥៥២នាក់ ព្រមទាំងបានប្រមូលទុកដាក់សំណល់បានចំនួនជាង ៣៤៥តោន។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក » ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ ការដាក់ចេញយុទ្ធនាការសម្អាតផ្លូវជាតិនេះ ធ្វើឡើងបន្ទាប់ពីមានចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងសកម្មភាពសម្អាតសាកល្បង តាមដងផ្លូវជាតិមួយចំនួន នាពេលកន្លងមក ជាពិសេសការសម្អាតផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១។
ការប្រកាសយុទ្ធនាការនេះ ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មាសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ ចូលរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព ក៏ដូចជាការទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង៕
ដោយ៖ ង៉ែត ពិសាន្ត











