跳至正文
西哈努克省电视台 · 官方网站
登录

ពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី កើនដល់ជាង ៥៥០ លានដុល្លារ ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៦

KPS99TV历史原文 · 暂无当前语言译文

អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្រេចបានជាង ៥៥១ លានដុល្លារ ក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ២០២៦ កើនឡើង ១៧,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ កម្ពុជានាំចេញទៅឥណ្ឌូនេស៊ីមានតម្លៃ ៤៧ លានដុល្លារ កើនឡើង ៤៣,៤% ខណៈឥណ្ឌូនេស៊ីនាំចូលមកកម្ពុជាមានតម្លៃ ៥០៣ លានដុល្លារ កើនឡើង ១៥,៥%។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន ផលិតផលកសិកម្ម អាហារកែច្នៃ សម្លៀកបំពាក់ និងទំនិញផ្សេងៗ។ ចំណែកការនាំចូលពីឥណ្ឌូនេស៊ីវិញ មានប្រេងឥន្ធនៈ គ្រឿងចក្រ ម្ហូបអាហារ សម្ភារៈសំណង់ និងទំនិញប្រើប្រាស់។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កំណើនពាណិជ្ជកម្មនេះ បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរក្សាទីផ្សារសំខាន់ៗ និងជំនឿទុកចិត្តពីដៃគូពាណិជ្ជកម្មអន្តរជាតិ។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា កំណើននៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺបណ្តាលមកពីតម្រូវការទីផ្សារកើនឡើង និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរ ដែលជំរុញឱ្យការទិញ-លក់មានសកម្មភាពកាន់តែខ្លាំង។
សម្រាប់ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១,០៨ ពាន់លានដុល្លារ ថយចុះ ១,៣% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញបានជាង ៦៧ លានដុល្លារ ខណៈការនាំចូលពីឥណ្ឌូនេស៊ីមានតម្លៃជាង ១,០២ ពាន់លានដុល្លារ កើន ១,៣% ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…