跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងយុទ្ធនាការប្រឡងជ្រើសរើសមន្ត្រីរាជការ

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ) ៖ ការកែទម្រង់រដ្ឋបាលសាធារណៈកាន់តែមានភាពច្បាស់លាស់ តាមរយៈការបើកទូលាយឱ្យមានការចូលរួមឃ្លាំមើលពីសាធារណជន។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសម្តែងការដឹងគុណចំពោះក្រុមអ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលាក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីនាពេលកន្លងមក។ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមទាំងផ្ទាល់ និងតាមអនឡាញពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យ និងយុវជន ស.ស.យ.ក.។

យន្តការជំរុញតម្លាភាព និងទំនុកចិត្តសាធារណៈ

យោងតាមរបាយការណ៍របស់ឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា វត្តមានរបស់ភាគីសង្កេតការណ៍ខាងក្រៅ គឺជាខ្នាតគំរូដ៏សំខាន់ក្នុងការធានាថាការប្រឡងប្រជែងត្រូវបានធ្វើឡើងដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត ដែលជួយឱ្យមហាជនកាន់តែមានជំនឿចិត្តលើប្រព័ន្ធរដ្ឋបាលសាធារណៈ។

ឆ្លងកាត់ការប្រឡងប្រជែងចំនួន ៥៨ លើក យន្តការនេះបានទាក់ទាញកម្លាំងស្ម័គ្រចិត្តពីមជ្ឈដ្ឋានចំនួន ៣ ធំៗ រួមមាន៖

កម្លាំងសាធារណជនទូទៅ៖ មានអ្នកស្ម័គ្រចិត្តចុះឈ្មោះរហូតដល់ ៩,៣៤២ នាក់ (ជានិស្សិត ៧០%, មន្ត្រីរាជការ និងគ្រូជាង ១៥%, បុគ្គលិកឯកជន ៩%, ព្រះសង្ឃ និងពលរដ្ឋទូទៅ ៦%)។ ក្នុងនោះ ៦១% មកពីភ្នំពេញ និង ៣៩% មកពីតាមខេត្ត ដោយមានអ្នកសង្កេតការណ៍ចំនួន ៧៥៣ នាក់ ត្រូវបានជ្រើសរើសឱ្យចូលរួមការងារផ្ទាល់។

តំណាងគ្រឹះស្ថានឧត្តមសិក្សា៖ និស្សិត និងមន្ត្រីសរុប ៥៣៤ នាក់ ត្រូវបានចាត់តាំងពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ២៣ (រដ្ឋ ៨ និងឯកជន ១៥)។

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)៖ យុវជនចំនួន ៧៤០ នាក់ បានចូលរួមយ៉ាងសកម្ម មិនត្រឹមតែក្នុងការឃ្លាំមើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្របសម្រួលសណ្តាប់ធ្នាប់ និងរំហូរបេក្ខជននៅក្នុងមណ្ឌលប្រឡងផងដែរ។

បោះជំហានទៅរក «គុណាធិបតេយ្យ» ស្របតាមគោលនយោបាយរដ្ឋាភិបាល

ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីជោគជ័យនៃការអនុវត្ត «វិធានការគន្លឹះទី១» ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមទិសដៅតែមួយគត់គឺ៖ ធានាឱ្យបាននូវប្រព័ន្ធជ្រើសរើសមន្ត្រីដែលផ្អែកលើសមត្ថភាពពិតប្រាកដ មានតម្លាភាព យុត្តិធម៌ និងបរិយាបន្ន៕

ដោយ ៖ ឡាយ កុល

评论

正在加载评论…