(កំពង់ឆ្នាំង)៖ កម្លាំងជំនាញសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ជាង២៣០គីឡូក្រាមជាសំណល់សង្គ្រាម ដោយសុវត្ថិភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
គូសបញ្ជាក់ជូនថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៩ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍ស៊ីម៉ាក់ប្រចាំឆ្នាំ២០១៧ បានឱ្យដឹងថាចាប់ឆ្នាំ១៩៦៣ដល់១៩៧៥ អាម៉េរិកទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា មានគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីសរុបជាង១១ម៉ឺនទីតាំង ហោះហើរទម្លាក់គ្រាប់បែកជិត២៥ម៉ឺនជើង។ ទិន្នន័យគ្រាប់បែកសរុបមានចំនួនជាង ២លាន៨សែនតោន ក្នុងរយៈពេលជាង៨ឆ្នាំ ចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់ ដោយសម្លាប់ប្រជាជនខែ្មរជាងកន្លះលាននាក់ និងកម្ទេចភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕
ដោយ៖ ចិន្តា ទីទិ

















