កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2ថ្មី នៅលើទឹកដីនៃខេត្តសៀមរាបនោះទេ ប៉ុន្តែកម្ពុជាកំពុងតែសាងសង់អាគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោក ហើយអគារនេះអាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ា នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃច័ន្ទ ទី២១ ខែកក្កដានេះ។
ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា អគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម រាងការ៉េមានទំហំ១០៨ម៉ែត្រ គុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ ហើយអគាររាងគ្រាប់មីននេះស្ថិតនៅក្នុងបរិវេណសារៈមន្ទីរតេជោសន្តិភាព និងអាចក្លាយជាមរតកជាតិមួយ ក្នុងការដាក់បង្ហាញជូនសាធារណជនជាតិ និងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀត នូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិ។
ឯកឧត្តម បន្តបានថា អគារនេះកសាងដោយក្រុមហ៊ុនជប៉ុន SATO KOGYO និងផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន។ អគាររាងគ្រាប់មីននេះ គ្រោងដាក់សម្ពោធជាផ្លូវការ នៅដើមឆ្នាំ២០២៦ខាងមុខ៕
ដោយ៖ ចិន្តា ទីទិ

















