កាលពីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបករណីប៉ុនប៉ងលួចដឹកបារីគេចពន្ធឆ្លងដែនទៅកាន់ប្រទេសថៃ នៅក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ទោះបីជាមានការណែនាំរឹតបន្តឹងពីថ្នាក់ដឹកនាំយ៉ាងណាក្តី ក៏ក្រុមជនល្មើសនៅតែបន្តសកម្មភាពរបស់ខ្លួន។ ការនេះនៅម៉ោងប្រមាណ ៤ ទាបភ្លឺ ស្ថិតនៅភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះមានការចូលរួមពី នគរបាលអធិការដ្ឋានស្រុកភ្នំព្រឹក កម្លាំងយោធាវីរៈសេនាតូចលេខ៥៥១ និងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៧។
វត្ថុតាងដែលរឹបអូសបានរួមមាន៖
- បារីគេចពន្ធសរុបជិត ១០០ប៊ិច។
- រថយន្តម៉ាក Toyota ពណ៌ទឹកប្រាក់ ១គ្រឿង (ពាក់ស្លាកលេខ ភ្នំពេញ 2AD-4463)។
ក្រោយការបង្ក្រាប សមត្ថកិច្ចបានបែងចែកវត្ថុតាងយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅតាមអង្គភាពរៀងៗខ្លួន (អង្គភាពការពារព្រំដែនគោកលេខ៨១៧ រក្សាទុក ២២ប៊ិច និង អធិការដ្ឋានស្រុកភ្នំព្រឹក រក្សាទុក ៤៦ប៊ិច រួមទាំងរថយន្ត) ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ឡាយ កុល









