ស្ថានទូតចិនប្រចាំកម្ពុជា ប្រកាសតាមរយៈបណ្តាញ Wechat ដើម្បីក្រើនរំលឹកបន្ថែមអំពីការលើកលែងទិដ្ឋាការ(Free Visa)របស់កម្ពុជាសម្រាប់ទេសចរចិន។ ទន្ទឹមគ្នានេះ ទូតចិន ក៏បានណែនាំឱ្យពលរដ្ឋខ្លួនដែលមានគម្រោងធ្វើដំណើរមកកម្ពុជាឱ្យយកចិត្តទុកដាក់លើ៥ចំណុចសំខាន់ៗ។
តាមការប្រកាសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានរំលឹកដល់ពលរដ្ឋចិនដែលមានគម្រោងធ្វើដំណើរមកកម្ពុជាត្រូវយកចិត្តទុកដាក់លើចំណុច៥ ក្នុងនោះមានដូចជា៖ ១. ត្រូវរៀបចំផែនការធ្វើដំណើរឱ្យបានល្អទាំងមុន និងក្រោយធ្វើដំណើរ ជាពិសេសអ្នកដំណើរចិន អាចទាញយកកម្មវិធី Cambodia e-Arrival ឬចូលទៅកាន់គេហទំព័រ arrival.gov.kh ដើម្បីបំពេញព័ត៌មាន និង ទទួលបានប័ណ្ណចូលប្រទេសអេឡិចត្រូនិក។
២. ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាលិខិតឆ្លងដែន ទ្រព្យសម្បត្តិ និងឯកសារផ្ទាល់ខ្លួនឱ្យបានល្អ មិនត្រូវជឿជាក់លើជនអនាមិកដោយងាយ និងមិនគួរយកឥវ៉ាន់ជំនួសអ្នកដទៃឆ្លងកាត់ព្រំដែន និងត្រូវគោរពច្បាប់ បទប្បញ្ញត្តិ និងប្រពៃណីសាសនានៅកម្ពុជា ជាពិសេស ពេលទស្សនាប្រាសាទ ព្រះបរមរាជវាំង ឬតំបន់អង្គរ ត្រូវស្លៀកពាក់សមរម្យ និងមិនត្រូវប្រព្រឹត្តអំពើដែលអាចប៉ះពាល់ដល់ព្រះសង្ឃ ឬទំនៀមទម្លាប់ក្នុងស្រុកឡើយ។
យ៉ាងណា ស្ថានទូតចិនប្រចាំនៅកម្ពុជាក៏មិនបំភ្លេចនូវណែនាំឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ននូវហានិភ័យផ្សេងៗដែរ។ ៣. ត្រូវប្រុងប្រយ័ត្នហានិភ័យពាក់ព័ន្ធនឹង “ស្រីស្រា ល្បែង និង គ្រឿងញៀន” មិនចូលរួមក្នុងសកម្មភាពល្បែងអនឡាញ ការឆបោកតាមអ៊ីនធឺណិត ឬសកម្មភាពខុសច្បាប់ផ្សេងៗឡើយ។ ពិសេស កុំជឿព័ត៌មានផ្សព្វផ្សាយអំពី “ប្រាក់ខែខ្ពស់” ដែលមិនច្បាស់លាស់ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ការងារខុសច្បាប់។
៤. ប្រសិនបើមិនបានយកលិខិតឆ្លងដែនដើមជាប់ខ្លួន អាចត្រៀមរូបថត ឬច្បាប់ចម្លងទំព័រព័ត៌មានលិខិតឆ្លងដែន កំណត់ត្រាចូលប្រទេស ទិដ្ឋាការមានសុពលភាព (ប្រសិនបើមាន) ឬឯកសារបញ្ជាក់ពាក់ព័ន្ធផ្សេងៗ ដើម្បីជួយសម្រួលដល់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ។
៥. ត្រូវរក្សាទុកលេខទូរស័ព្ទបន្ទាន់សម្រាប់ការហៅប៉ូលិស សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ និងព័ត៌មានទំនាក់ទំនងរបស់ស្ថានទូតចិនប្រចាំកម្ពុជា មុនពេលធ្វើដំណើរ ដើម្បីអាចស្វែងរកជំនួយបានទាន់ពេលវេលា នៅពេលជួបស្ថានការណ៍បន្ទាន់ណាមួយ៕
ដោយ៖ ង៉ែត ពិសាន្ត


