跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងព្រែកជីកហ្វូណនតេជោ។

កិច្ចប្រជុំធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណន តេជោ, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

យោងតាម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្ននេះដំណើរការនៃគម្រោងកំពុងស្ថិតក្នុងដំណាក់កាលនៃការកំណត់និយាមការទីតាំង ជាពិសេសបញ្ចៀសផលប៉ះពាល់ដីរបស់ប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បង្គោលកំណត់និយាមការដែលត្រូវបោះទាំងអស់ មានចំនួនប្រមាណ ១,៩២០បង្គោល។ សព្វថ្ងៃនេះបោះ ១,០៨១បង្គោលហើយ ដោយបែកចែកជា ៤ខេត្ត មានខេត្តកណ្តាល ៣៨៧បង្គោល តាកែវ ៥៥២បង្គោល បានបោះរួចរាល់ហើយ ក្នុងនោះក៏មានខេត្តកំពត ៨០១បង្គោល បោះបាន ១៤២បង្កោល និងខេត្តកែប មាន ១៨០បង្គោល មិនទាន់បានបោះបង្គោលនោះឡើយទេ។ ការងារបោះបង្គោលនិយាមការសម្រេចបានប្រមាណ ៥៦ភាគរយ។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។គម្រោងនេះគ្រោងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…