跳至正文
西哈努克省电视台 · 官方网站
登录

ឆមាសទី១ ឆ្នាំ២០២៦៖ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជិត ៥ពាន់ករណី រឹបអូសគ្រឿងញៀនជាង ២តោន និងឃាត់ខ្លួនជនពាក់ព័ន្ធជាង ១២,០០០នាក់

KPS99TV历史原文 · 暂无当前语言译文

ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចអនុវត្តច្បាប់ទូទាំងប្រទេស បានបន្តបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ទាំងក្នុងការកាត់បន្ថយចំនួនករណី និងការទប់ស្កាត់ការជួញដូរសារធាតុញៀនខុសច្បាប់។

ថ្លែងក្នុង «កិច្ចសម្ភាសន៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ  អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៤,៧៥៩ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១២,១៩៤នាក់ ក្នុងនោះមានស្ត្រី ៧៦៣នាក់។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ចំនួនករណីបង្ក្រាប និងចំនួនជនពាក់ព័ន្ធក្នុងឆ្នាំ២០២៦ បានថយចុះប្រមាណជិត ១០ភាគរយ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃវិធានការទប់ស្កាត់ និងបង្ការបទល្មើសគ្រឿងញៀន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមជនដែលត្រូវបានឃាត់ខ្លួន មានជនបរទេសចំនួន ៦៦៤នាក់ ដែលមានជាតិសាសន៍ចម្រុះ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរឹបអូសសារធាតុញៀនសរុបជាង ២តោន ៣៨២គីឡូក្រាម ព្រមទាំងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ១តោន ៧៤៣គីឡូក្រាមផងដែរ។

ក្រៅពីវិធានការអនុវត្តច្បាប់ អាជ្ញាធរពាក់ព័ន្ធក៏បានពង្រឹងការអនុវត្តវិធានការរដ្ឋបាលនៅតាមបណ្តារាជធានី-ខេត្ត ដោយចុះត្រួតពិនិត្យទីតាំងអាជីវកម្ម និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងសរុបចំនួន ៤,៥២៩កន្លែង និងបានសម្រេចបិទ ឬផ្អាកអាជីវកម្មចំនួន ១២ទីតាំង ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ជារួម លទ្ធផលខាងលើបានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ខណៈសមត្ថកិច្ចនឹងបន្តពង្រឹងវិធានការបង្ក្រាបនៅតាមតំបន់ និងទីតាំងដែលមានការសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពគ្រឿងញៀន ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសង្គម៕

ដោយ៖ ប៉ៃ សុឃីំម

评论

正在加载评论…