跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ៣ថ្ងៃនៅចិន ដើម្បីពង្រឹងមិត្តភាពដែកថែប

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ) ៖ តបតាមការអញ្ជើញជាផ្លូវការពីសំណាក់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីទៅបំពេញទស្សនកិច្ចមិត្តភាពនៅរដ្ឋធានីប៉េកាំង។

ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញអមដំណើរពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតមកពីស្ថាប័នរដ្ឋាភិបាល និងនីតិប្បញ្ញត្តិ។

យោងតាមរបៀបវារៈនៃទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាកម្រិតកំពូលជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ចិន រួមមាន៖

ជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន។

ជំនួបការងារជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ជំនួបជាមួយ លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំចិន សម្តេចតេជោ ក៏នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេកំពុងគង់ប្រថាប់នៅទីនោះផងដែរ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវឆន្ទៈនយោបាយដ៏មុតមាំរវាងកម្ពុជា និងចិន ក្នុងការបន្តថែរក្សា និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពប្រពៃណីរឹងមាំដូចដែកថែប។ លើសពីនេះ វាក៏ជាការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការកសាងសហគមន៍វាសនារួមរវាងប្រជាជាតិទាំងពីរ ក្នុងយុគសម័យថ្មីនេះ៕

ដោយ ៖ ឡាយ កុល

评论

正在加载评论…